លក្ខណៈពិសេស១ មានតែលើទង់ជាតិកម្ពុជា និងប្រទេស៤ទៀតប៉ុណ្ណោះ
- 2020-03-12 01:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេស១ មានតែលើទង់ជាតិកម្ពុជា និងប្រទេស៤ទៀតប៉ុណ្ណោះ
ចន្លោះមិនឃើញ
ទង់ជាតិតំណាងប្រទេសនៅលើសកលលោក មានចំនួនសរុបជាផ្លូវការ ១៩៥ ទង់ជាតិ ហើយរាល់ទង់ជាតិនីមួយៗសុទ្ធតែមានការរចនាប្លែកៗគ្នា។ យ៉ាងណាមិញ មានតែប្រទេសចំនួន ៥ គត់ដែលទង់ជាតិរបស់ពួកគេ មានភាពដាច់ដោយឡែកពីគេ ដោយសារតែនៅក្នុងទង់ជាតិទាំងនោះមានបង្កប់រូបអគារ ឬប្រាសាទ។ ប្រទេសចំនួន ៥ នោះ រួមមាន៖
១. កម្ពុជា ៖ ទង់ជាតិកម្ពុជានេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកទល់នឹងបច្ចុប្បន្ន។ នៅចំកណ្ដាល មានតាំងរូបប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
២. អាហ្វហ្គានីស្ថាន៖ ការប្រើប្រាស់ទង់ជាតិនេះជាផ្លូវការ គឺនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ហើយនៅចំកណ្ដាលមានតាំងរូបប្រាសាទសាសនាឥស្លាមមួយពណ៌ស អមជាមួយអក្សរអារ៉ាប់នៅខាងលើ និងខាងក្រោម។
៣. សាន់ម៉ារីណូ៖ ទង់ជាតិនេះមានអាយុកាលជិត ២០០ឆ្នាំហើយ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៦២។ នៅចំកណ្ដាលមានតាំងរូបប៉មប្រាសាទចំនួន ៣ ស្ថិតនៅលើភ្នំ Monte Titano។ ប៉មទាំង៣តំណាងឲ្យប្រាសាទ citadels La Cesta, La Montale និង Lan Guaita។
៤. ព័រទុយហ្គាល់៖ ទង់ជាតិនៃព័រទុយហ្គាល់ បានចាប់កំណើតផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩១១។ នៅក្នុងទង់ជាតិមានតាំងរូបខែលយ៉ាងធំមួយ ហើយនៅក្នុងរូបខែលមានតាំងរូបខែលតូចៗពណ៌ខៀវទៀតចំនួន ៥ ហើយនៅព័ទ្ធជុំវិញខែលទាំងនោះ មានរូបប្រាសាទចំនួន ៧ ពណ៌លឿង។
៥. អេស្ប៉ាញ៖ ការប្រើប្រាស់ទង់ជាតិនេះ ចាប់ផ្ដើមនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៧៨។ នៅចំកណ្ដាលតែរាងបញ្ឆិតទៅខាងឆ្វេងបន្តិច មានតាំងរូបប្រាសាទដែលមានប៉មចំនួន ៣ ហើយវាតំណាងឲ្យអាណាចក្រ Castile៕