អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ត្រូវបានជួសជុលរួច ១០០ភាគរយហើយ

  • 2020-04-23 10:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះទទួលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ២០២០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

សូមបញ្ជាក់ថា៖ ឆ្នាំ១៩៦១-១៩៦៥ ពហុកីឡដ្ឋានជាតិ រួមទាំងអាងហែលទឹកត្រូវបានស្ថាបនាឡើងដោយ បិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដមសីហនុ ហើយបើកឱ្យដំណើរការតាំពីឆ្នាំ១៩៦៧។ ចន្លោះឆ្នាំ ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹកក្នុងពហុកីឡដ្ឋានជាតិត្រូវបានខូចខាតដោយសារសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុលពត)។ នៅឆ្នាំ១៩៨០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនបានស្ដារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹក និងអគារឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ព្រមទាំងទទួលការប្រកួតជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាជាច្រើន។ ដោយមើលឃើញពីការលំបាក ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វែងរកថវិកាពីសប្បុរសជន និងបានជួសជុល និងពង្រីកអាងហែលទឹកនេះឱ្យមានលក្ខណៈស្ដង់ដាអន្តរជាតិឡើងវិញ ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;