iPhone 12 ប្រើអេក្រង់ OLED និង 5G មានតម្លៃចាប់ពី ៦៤៩ដុល្លារ

  • 2020-05-01 02:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័ត៌មាន​អំពី iPhone ជំនាន់​ថ្មី​ដែល​បច្ចុប្បន្ន​គេ​ឲ្យ​ឈ្មោះ​ថា​ iPhone 12 នៅ​បន្ត​លេច​ធ្លាយ​ជា​ហូរហែ ក្នុង​នោះ​រួម​មាន​ការ​ឌីហ្សាញ​ដែល​ផ្លាស់​ប្ដូរ​ថ្មី និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ផង​ដែរ។ ពេល​នេះ​គេ​បាន​ដឹង​ដំណឹង​អំពី​តម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជា​អ្វី​ដែល​​មនុស្ស​ភាគ​ច្រើន​ចង់​ដឹង​បំផុត។

Jos Prosser ទទួល​បាន​ដំណឹង​អំពី​តម្លៃ iPhone 12 តាម​រយៈ​ប្រភព​ដែល​បាន​ផ្ដល់​ដំណឹង​អំពី​ការ​ប្រកាស​ចេញ iPhone SE ថ្មី​នៅ​ថ្ងៃ​ទី ១៥ ខែ​មេសា។

ចាប់​ផ្ដើម​ជា​មួយ iPhone ស៊េរី​ខ្ពស់​មុន​គឺ iPhone 12 Pro អេក្រង់​ទំហំ ៦,១អ៊ីញ នឹង​មាន​លក់​តម្លៃ​ចាប់​ពី ៩៩៩ដុល្លារ ចំណែក​ iPhone 12 Pro Max អេក្រង់​ទំហំ ៦,៧អ៊ីញ មាន​តម្លៃ​ចាប់​ពី ១០៩៩ដុល្លារ។ លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​វា​មាន​ដូច​ជា​តួ​ខ្លួន​ធ្វើ​ពី​ដែក​អ៊ីណុក មាន​ក្បាល​ឆក​តូច​ជាង​មុន មាន​ប្រើ​អេក្រង់ OLED, ប្រើ​ឈីប A14, គាំទ្រ​សេវា 5G, បំពាក់​កាមេរ៉ា​ក្រោយ ៣គ្រាប់ និង​មាន​ Sensor LiDAR មួយ​ទៀត។

ចំណែក​អ្នក​ស្នង​តំណែង iPhone 11 វិញ​គឺ​មាន​ពីរ​ប្រភេទ មាន​​ប្រភេទ​អេក្រង់​ទំហំ ៥,៤អ៊ីញ និង​អេក្រង់​ទំហំ ៦,១អ៊ីញ ដែល​មាន​តម្លៃ​ចាប់​ពី​ ៦៤៩ដុល្លារ និង ៧៤៩ដុល្លារ។ លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​របស់​វា​មាន​ដូច​ជា iPhone 12 Pro ខាង​លើ​ដែរ ខុស​គ្នា​ត្រង់​ថា​ប្រើ​តួ​ខ្លួន​ប្រភេទ​អាលុយមីញ៉ូម និង​មាន​កាមេរ៉ា​ក្រោយ ២ គ្រាប់​ ហើយ​មិន​មាន Sensor LiDAR នោះ​ទេ។

Jon Prosser បាន​បញ្ជាក់​ថា​តម្លៃ​នេះ​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​មុន​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​ប៉ុន្តែ​ប្រសិន​បើ​តម្លៃ​នេះ​ពិត​មែន មាន​ន័យ​ថា​ Apple ប្រើ​យុទ្ធសាស្ត្រ​កំណត់​តម្លៃ​បាន​ល្អ​បំផុត។ នា​ឆ្នាំ ២០២០ នេះ​គេ​ឃើញ​ថា​ស្មាតហ្វូន Android លំដាប់​ខ្ពស់​ជា​ច្រើន​បាន​ដំឡើង​ថ្លៃ​ខ្លួន​របស់​ខ្លួន ដោយ​សារ​ការ​បំពាក់​នូវ​សេវា​ 5G ជា​កត្តា​ចម្បង ប៉ុន្តែ​មើល​ទៅ Apple មិន​មាន​ការ​ផ្លាស់​ប្ដូរ​តម្លៃ​ដោយ​សារ 5G នេះ​ទេ។

ប្រភព​បាន​ប្រាប់​ដល់ Jos Prosser បន្ថែម​ថា​ iPhone ជំនាន់​ថ្មី​អាច​នឹង​ចេញ​លក់​​យឺត​​ជាង​សព្វ​ដង ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ រំពឹង​ថា​ចេញ​លក់​នៅ​ចន្លោះ​ខែ​តុលា ទៅ​ខែ​វិច្ឆិកា៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;