ផ្លូវជាតិលេខ១១ ពី​អ្នកលឿង ដល់ខេត្ត​ត្បូងឃ្មុំ ជិត​បញ្ចប់ការសាងសង់​​ហើយ

  • 2020-05-04 07:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវជាតិ​លេខ១១ ប្រវែង​៩៦គីឡូម៉ែត្រ តភ្ជាប់រវាង​ខេត្តព្រៃវែងត្រង់​ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាល​បេតុងកៅស៊ូAC គិតត្រឹមថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០ សម្រេច​ការសាងសង់​បានចំនួន ៩១,១៤ ភាគរយ​ហើយ។

នៅ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១១ ដោយមាន​ការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សា បច្ចេកទេស និង​ភាគីពាក់ព័ន្ធផងដែរ។

គោលបំណង​នៃការចុះ​ពិនិត្យនេះគឺដើម្បីមើលចំណុចខ្វះខាតដែលនៅសេសសល់ ក៏ដូចជា​បញ្ហាបច្ចេកទេស​មួយចំនួន ទាក់​ទងនឹងការ​សាងសង់ ដើម្បីជំរុញ​ឱ្យក្រុមហ៊ុន​ម៉ៅការសាងសង់​ធ្វើការកែ​សម្រួល បំពេញ​បន្ថែម​លក្ខណៈ​បច្ចេកទេស ឱ្យបាន​ត្រឹមត្រូវ និង​ស្របតាម​សៀវភៅ​បន្ទុក សំដៅ​ធ្វើឱ្យផ្លូវនេះ​មាន គុណភាព​រឹងមាំ អាចប្រើប្រាស់​ជាប់បាន​យូរអង្វែង។

ផ្លូវនេះ​មានប្រវែង​សរុប ៩៦គីឡូម៉ែត្រ ក្នុងនោះ​រួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុង ព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណាត់ផ្លូវនេះជាកំណាត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែលចាំបាច់ត្រូវ​ពង្រីកដើម្បី​សម្រួល​ដល់ការ​ធ្វើចរាចរណ៍​បន្ថែមទៀត​រវាង​ខេត្តព្រៃវែង និង​ខេត្តត្បូងឃ្មុំ។

ផ្លូវនេះ​សាងសង់ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨ ៣៨៨ ០០០ ដុល្លារ​អាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់​ចំនួន​៤៤ខែ គិតចាប់​ពីខែធ្នូ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅចុង ឆ្នាំ​២០២០។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យផ្លូវនេះ លោក​ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះបីមានបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលយ៉ាងណាក្ដី សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាននៅតែមានដំណើរការធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយសារការមកដល់នៃគ្រឿងក្រុម ភាពយឺតយ៉ាវ។

លោក​បានឱ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ។ ជាមួយគ្នានោះផងដែរ លោក​បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;