បញ្ហាប្រឈមនៃការអភិរក្សសំណង់អគារ ផ្ទះ ព្រះវិហារ កុដិ បុរាណនៅបាត់ដំបង

  • 2020-05-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តបាត់ដំបង ជាខេត្តចំណាស់មួយដែលសម្បូរទៅដោយសំណង់អគារ ផ្ទះ ព្រះវិហារ កុដិ បុរាណ ដែលសេសសល់ពាសពេញក្នុងខេត្តនៅរហូតដល់បច្ចុប្បន្ន។ សំណង់បុរាណទាំងនេះខ្លះមានសភាពចាស់ទ្រុឌទ្រោម បាក់បែក ធ្លុះធ្លាយ ខ្លះនៅរក្សាទ្រង់ទ្រាយដើម ខ្លះជួសជុលផ្នែកមួយចំនួនដោយរក្សានៅរចនាបថដើម ហើយខ្លះទៀតក៏ត្រូវបានវាយកម្ទេចដោយជំនួសនូវអាគារថ្មីមកវិញខ្លះដែរ។

បញ្ហាប្រឈមសម្រាប់ការអភិរក្ស ថែរក្សាសំណង់បេតិកភណ្ឌបុរាណនេះបានក្លាយជាបញ្ហាធំមួយរបស់មន្ត្រីជំនាញដែលពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរខេត្តដើម្បីធ្វើយ៉ាងណាដើម្បីអភិរក្សឲ្យនៅគង់វង្ស។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង ដែលកសាងនៅឆ្នាំ១៩២០
ទាក់ទងនឹងបញ្ហាការអភិរក្សសំណង់បេតិកភណ្ឌបុរាណលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ក្នុងសិន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃ១៣ ឧសភា ឆ្នាំ២០២០ថា “កន្លងទៅការគ្រប់គ្រងសំណង់ច្បាប់មានត្រឹមអនុក្រឹត្យ ហើយខាងវប្បធម៌វិញមានតែច្បាប់បេតិកភណ្ឌ កិច្ចការដែលយើងធ្វើបានខ្លះ និងមិនបានខ្លះកន្លងមកនេះវានៅមានការលំបាក លំបាកដោយសារយើងខ្វះឯកសារគតិយុតិគាំទ្រអំពីការងារបេតិកភណ្ឌ សូម្បីតែអនុក្រឹត្យក៏មិនទាន់មានដែរ។ អីចឹងអ្វីដែលលំបាកយើងសួរថាតើអគារបុរាណទាំងអស់យើងត្រូវអភិរក្សទាំងអស់ ឬក៏យើងចែកចំណាត់ថ្នាក់នៃអាគារនេះ ជាចំណាត់ថ្នាក់ “A” “B” “C”។ ចំណាត់ថ្នាក់ “A” ត្រូវអភិរក្ស១០០ភាគរយ ចំណាត់ថ្នាក់ “B” គួរសិក្សារក្សាខាងក្រៅកែខាងក្នុងបាន និង “C” អាចវាយចោលហើយសាងសង់ឲ្យដូចដើមវិញ ត្រង់ចំនុចនេះយើងនៅសិក្សានៅឡើយ។”
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងថ្លែងក្នុងសិន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ១៣ ឧសភា ឆ្នាំ២០២០

លោក ងួន រតនៈ បន្តថា កន្លងមកការបែងចែកចំណាត់ថ្នាក់អគារនេះក៏ធ្លាប់បានយកទៅប្រជុំជាមួយអន្តរក្រសួង មាន ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ កិច្ចប្រជុំននោះមានគោលគំនិតចង់ដាក់ទីក្រុងបាត់ដំបងទៅជាទីក្រុងបេតិកភណ្ឌ តែរហូតមកដល់ពេលនេះគឺស្ថិតក្នុងការសិក្សានៅឡើយ។

លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានលើកឡើងពីកិច្ចការងារអភិរក្សសំណង់បុរាណរបស់ខេត្តថា នៅខេត្តបាត់ដំបងបច្ចុប្បន្នមានសំណង់អគារ និងផ្ទះបុរាណមានចំនួនសរុប ៨២៦ និងវត្តបុរាណមានចំនួន ១៣៩វត្ត។ សព្វថ្ងៃមន្ទីរ និងក្រសួងកំពុងជួសជុលសំណង់អគារបុរាណក្នុងវត្តនានាក្នុងខេត្ត ជាគោលការណ៍ក្រសួងបានកំណត់ក្នុងមួយឆ្នាំ ជួសជុលវត្តមួយ ដោយខាងមន្ទីរជាអ្នកធ្វើបច្ចុប្បន្នភាពវត្តណាដែលជាវត្តត្រូវជួសជុលសង្រ្គោះមុនគេ។ លោក គឹម សោភ័ណ បញ្ជាក់ “ចំពោះផ្ទាំងគំនូរនៅតាមជញ្ជាំងព្រះវិហារយើងមិនមានផែនការណ៍ក្នុងការជួសជុលដូចវត្តភ្នំដូនពេញនោះទេ តែយើងនឹងសម្អាតក្រោយការជួសជុល ហើយការជួសជុលផ្ទាំងគំនូរវាលំបាកព្រោះពណ៌ពីដើមខុសពីពណ៌បច្ចុប្បន្នវាពិបាកលាយ និងសំណងពីមុនធ្វើពីកំបោរបាយអ ឥឡូវជាបេតុងស៊ីម៉ងត៍លាយ នេះជាការលំបាកក្នុងការជួសជុលសំណង់បុរាណ មែនទែនទៅជួសជុលសំណង់បុរាណមួយស្មើ ឬលើសតំម្លៃនៃការសង់សំណងថ្មីមួយផង”។

ព្រះវិហារបុរាណនៅក្នុងវត្តសំរោង ខេត្តបាត់ដំបង កសាងសង់ឡើងក្នុងឆ្នាំ ១៨៩០

លោក ងួន រតនៈ បន្ថែមថា ពីមុនលំបាកត្រង់សំណង់ទាំងនោះមានអាយុ១០០ឆ្នាំ ១០០ឆ្នាំជាង លំបាកត្រង់ដំបូងសំណង់ត្រូវលេចធ្លាយហើយចង់ជួលជួលតែសម្ភារៈទាំងដែលត្រូវយកមកជួសជុលនោះគឺជាសម្ភារៈដែលផលិតពីសម័យបារាំង ឥឡូវពុំមានសិប្បកម្មណាធ្វើជំនួសវិញទេ ហើយយើងមិនមានគោលនយោបាយក្នុងការផលិតរបស់ទាំងនេះនោះទេ បើយើងចង់ឲ្យម្ចាស់ផ្ទះទុក ទាល់តែមានអ្វីឲ្យគាត់”។ ប៉ុន្តែឥឡូវយើងមានវិធានការពន្យល់ប្រជាពលរដ្ឋម្ចាស់ផ្ទះអំពីតម្លៃនៃការអភិរក្ស និងទេសចរណ៍ ផ្ទះបុរាណខ្លះត្រូវបានជនជាតិបរទេសមកជួលធ្វើអាជីវកម្មក្នុងតម្លៃថ្លៃ ការជួលនេះជាកក្តាមួយក្នុងការជួយក្នុងការអភិរក្សថែរក្សារបស់ទាំងនេះផងដែរ។

ផ្នែកខាងក្នុងនៃផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង ដែលកសាងនៅឆ្នាំ១៩២០

លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា កន្លងមកនៅក្នុងខេត្តបាត់ដំបងមានករណីម្ចាស់ផ្ទះទុកផ្ទះរបស់ខ្លួនដោយមិនបានជួសជុល វាយកម្ទេចហើយមិនសុំច្បាប់។ ការវាយកម្ទេចហើយសាងសង់សំណង់ថ្មីមាននៅអគារធនាគារវឌ្ឍនៈ អគារម្តុំផ្សារណាត់ និងសណ្ឋាគារមួយនៅជិតវត្តដំរីស។ កាលពីឆ្នាំ២០០៤ ក៏មានករណីវាយព្រះវិហារបុរាណចោលផងដែរក្នុងនោះមាននៅវត្តគៀនកេសស្រុកថ្មគោល វត្តពោធិលង្ការ ឃុំអន្លង់វិល ស្រុកសង្កែ ត្រូវបានវាយកម្ទេចចោលដោយជំនួសនៅសំណង់កសាងថ្មីមកវិញ។ បន្តែបច្ចុប្បន្នមន្ទីរ ក៏ដូចជាអាជ្ញាធរខេត្តបានខិតខំទប់ស្កាត់មិនឲ្យករណីនេះកើតមានបន្តនោះទេ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;