ផែនការសកម្មភាពអភិរក្សដំរីអាស៊ីកម្ពុជា ត្រូវបានចេញជាលើកដំបូង

  • 2020-05-14 02:04:04
  • ចំនួនមតិ 2 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ


ផែនការសកម្មភាពអភិរក្សដំរីអាស៊ីកម្ពុជាត្រូវបានដាក់ចេញជាលើកដំបូងដោយក្រសួងបរិស្ថាន ក្រោមការសហការជាមួយ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ(FFI)។

អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីរៀបចំផែនការសកម្មភាពនេះឡើង ដោយមានជំនួយផ្នែកបច្ចេកទេសពីក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)។

ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ក្រោមការសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។

លោក មាស សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន យើងបានរៀបចំផែនការសកម្មភាពនេះជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការអភិរក្សដំរីអាស៊ីនៅកម្ពុជា ហើយវាជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងចំណោមសមិទ្ធផលនានា ដែលនឹងដើរតួជាមគ្គុទេ្ទសក៍សម្រាប់ជំរុញការអនុវត្តសកម្មភាពការងារអភិរក្សដំរីអាស៊ីនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ យើងខ្ញុំមានមោទនភាពបំផុតចំពោះមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ដែលបានសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ក៏ដូចជាដៃគូផ្សេងៗទៀត ក្នុងការរៀបចំផែនការសកម្មភាពនេះឱ្យចេញជារូបរាងឡើង»។

ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី និងមួយចំនួនតូចមាននៅក្នុងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដូចជាតំបន់ខ្ពង់រាបខាងជើងទន្លេសាបជាដើម។ តំបន់ទាំងនេះជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

ការរិចរិលនៃទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។ ម្យ៉ាងទៀត គេក៏បានរកឃើញថាកូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការស្តារប្រភេទសត្វនេះឡើងវិញដែរ។ កត្តាគំរាមកំហែងទាំងអស់នេះ បាននាំទៅដល់ការបង្កើតផែនការសកម្មភាព ២០២០-២០២៩នេះឡើង ដែលកំណត់នូវបញ្ហាអាទិភាពចំនួន ៦ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

លោក មាស សុផល ក៏បានបន្ថែមថា «ផែនការសកម្មភាពនេះមានគោលបំណងពង្រឹងការគ្រប់គ្រងដំរីអាស៊ី ដោយមានការខិតខំប្រឹងប្រែងចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីធានាថា ដំរីអាស៊ីទទួលបានការការពារហ្មត់ចត់ និងអាចមានឱកាសបង្កើនចំនួនរបស់វានៅក្នុងធម្មជាតិឡើងវិញ ជាពិសេសក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៧,២ លានហិកតា ស្មើនឹងជាង ៤០% នៃផ្ទៃដីប្រទេស ដែលជាសម្បត្តិធម្មជាតិដ៏អស្ចារ្យ សម្រាប់បន្សល់ទុកជាកេរមរកតដល់មនុស្សជំនាន់ក្រោយ»៕

ប្រភពអត្ថបទ និងរូបថត៖ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)

;