ខេត្តកំពត នឹងមានសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែនកំពត
- 2020-05-22 02:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តកំពត នឹងមានសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែនកំពត
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីកិច្ចសហការ និង សិក្សាផលបះពាល់ ក្នុងការអនុវត្តគម្រោងសាងសង់ សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យាជាតិ សម្ដេចហ៊ុនសែនកំពត កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក កែវ រតនៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ត្រី ដែលជាតំណាងក្រសួង មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសរុប២៨នាក់។
គោលបំណងកិច្ចប្រជុំនេះផ្ដោតសំខាន់លើការចូលរួមពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធ សិក្សាពីផលបះពាល់ និងជំរុញអោយមានកិច្ចសហការគាំទ្របន្ថែមពីអាជ្ញាធរដែនដី ដើម្បីឈានដល់ការបើកផ្លូវអោយគម្រោងជាតិមួយនេះអាចអនុវត្តការសាងសង់ សម្រាប់ជាវិភាគទាននៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត។
គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ដែលមានទីតាំងស្ថិតនៅ តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស"បូកគោ" លើផ្ទៃដីកោះទំហំ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។
ទោះបីយ៉ាងណាគម្រោងនេះ គេមិនទាន់ដឹងពីទំហំនៃការប្រើប្រាស់ថវិកានៅឡើយ ប៉ុន្តែទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសមបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានសម្តែងការគាំទ្រដល់ការអនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។
លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹងបទពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវជ្រាវរៀនសូត្រស្វែងយល់ជាសាធារណជនទូទៅ នៅពុំទាន់មាននៅឡើយទេ។ ដូច្នេះគោលដៅនៃគម្រោងនេះដែរ គឺផ្តោតសំខាន់លើបញ្ហាពីរ៖
-ទី១សំដៅការបង្កើតឲ្យមានជាបណ្ដុំវ៉ារីអគ្គិសនីនៅ តាមបណ្ដាខេត្តទាំងឡាយមួយចំនួនដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ ទាំងអស់មកកំសាន្តនៅទីនេះ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។
-ទី២ ការដាក់ឧទ្យានជាតិនេះ គឺសំដៅ ចង់ឲ្យមានការទាក់ទាញទេសចរណ៍ជាតិអន្តរជាតិឬក៏ឲ្យប្រជាពលរដ្ឋមកកំសាន្តនៅតំបន់នេះកាន់តែច្រើននិងក៏ជាសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ។
លោក កែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះគម្រោងសារមន្ទីរថាមពលកើតឡើងវិញនិងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត ដែលបានដាក់បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះគម្រោងបណ្ដោះអាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយយើងមានថាមពលខ្យល់ឬព្រះអាទិត្យបន្ថែមទៀត នឹងអាចកែប្រែឡើងវិញ៕
អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពត