ដៃគូធំរបស់ Apple ប្រាប់មកថា iPhone 12 នឹងចេញលក់យឺតជាងសព្វដង

  • 2020-06-05 02:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Broadcom ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ធំ​មួយ​របស់ Apple មាន​ផ្គត់ផ្គង់​ដូច​ជា​ឈីប Wi-Fi សម្រាប់ iPhone បាន​ឲ្យ​ដឹង​ថា​ iPhone 12 នឹង​មាន​ការ​ពន្យារ​ពេល​ការ​ចេញ​លក់​ មិន​អាច​ចេញ​លក់​នៅ​ខែ​កញ្ញា​ដូច​រាល់​ឆ្នាំ​នោះ​ទេ។

ក្នុង​កិច្ច​ប្រជុំ​ដែល​ប្រកាស​អំពី​លទ្ធផល​ចំណូល​ចំណាយ​របស់​ក្រុមហ៊ុន​ លោក Hock Tan ដែល​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Broadcom បាន​ពិភាក្សា​លើ​ការ​ពន្យារ​ពេល​​ចេញ​លក់​ផលិតផល​​ ​របស់​​អតិថិជន​​ដែល​ជា​ក្រុមហ៊ុន​ទូរសព្ទ​ធំ​មួយ​នៅ​អាមេរិក​ខាង​ជើង។ ត្បិត​ថា​មិន​បាន​បញ្ជាក់​ឈ្មោះ​ពិត ប៉ុន្តែ​គេ​ដឹង​ថា​លោក​សំដៅ​លើ​ក្រុមហ៊ុន Apple។

ដោយ​សារ​មាន​ការ​ពន្យារ​ពេល​បែប​នេះ មាន​ន័យ​ថា​ប្រាក់​ចំណូល​របស់​ Broadcom ប្រចាំ​ត្រីមាស​ទី ៣ រំពឹង​ថា​នឹង​មាន​​ការ​ធ្លាក់​ចុះ ហើយ​វា​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទី​បួន ពេល​ដែល​ iPhone 12 ចេញ​លក់។

ដំណឹង​​នៃ​ការ​ពន្យារ​ពេល​ការ​ចេញ​លក់​នេះ​​គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​គេ​បាន​ឮ​ចេញ​ពី​ប្រភព​ដទៃ​ដូច​ជា WSJ, Bloomberg និង​អ្នក​វិភាគ Ming-Chi Kuo ក្នុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដែរ។

​​​ការ​យល់​ឃើញ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ Apple អាច​នឹង​ចេញ​លក់ iPhone 12 នៅ​ក្នុង​ខែ​តុលា យឺត​ជាង​​ធម្មតា​មួយ​ខែ។ ទោះ​បី​ជា​ពន្យារ​ពេល​ការ​ចេញ​លក់ ក៏​គេ​រំពឹង​ថា Apple នឹង​​បង្ហាញ​ចេញ iPhone ថ្មី​នៅ​ខែ​កញ្ញា​ដូច​ដែល​បាន​ធ្វើ​កន្លង​មក ដោយ​មួយ​ខែ​ក្រោយ​ទើប​បញ្ចេញ​លក់។ ឬ​ Apple អាច​បញ្ចេញ​លក់ iPhone 12 ​​ជា​ដំណាក់​កាល​ ដូច​ដែល​បាន​ធ្វើ​​ជា​មួយ​ iPhone XR និង iPhone X៕​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;