គម្រោង​ផ្លូវជាតិលេខ៧ ក្រចេះ-ត្បូងឃ្មុំ ប្រវែង១៦៤គ.ម សម្រេច​បាន ៨០ភាគរយ

  • 2020-06-10 08:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តក្រចេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមបច្ចេកទេសជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តក្រចេះ និង ខេត្តត្បូងឃ្មុំ។

គម្រោងផ្លូវជាតិលេខ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC ហើយគម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦ ៤៥៦ ០៦៤,៧៥ដុល្លារអាមេរិក។

រហូតមកដល់បច្ចុប្បន្ននេះ កំណាត់ផ្លូវនេះសាងសង់រួចរាល់បានប្រមាណ ៨០%ហើយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមិនទាន់ចេញវិញ្ញាបនបត្របញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់។ ជាមួយគ្នានោះផងដែរ លោក​ក៏បាន​ណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសហការគ្នាកែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកឱ្យបាន១០០%។

លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យទុកចិត្តក្រសួងសាធារណការនិងដឹកជញ្ជូន។ បើផ្លូវនោះពិនិត្យ មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ “សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង” ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យជាប្រចាំតាមការដ្ឋានសាងសង់ទាំងអស់ក្រោមដែនសមត្ថកិច្ចរបស់ក្រសួង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា៖ បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់កំពុងកែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណាដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក​ទេសរដ្ឋមន្ត្រីបានជម្រាបជូនគម្រោងសាងសង់ផ្លូវពីក្រចេះទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល) ដោយលោកបានមានប្រសាសន៍ថា ក្រសួងបានសិក្សារួចរាល់ និងកំពុងតែរង់ចាំភាគីចិនសម្រេចតែប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;