ផ្លូវជាតិមួយខ្សែនៅខេត្តកំពង់ចាម នឹងត្រូវពង្រីកដល់ ៤គន្លង

  • 2020-06-11 01:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ​ក្រសួង​កំពុងសិក្សា​គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ទៅខេត្តកំពង់ចាម ពី២គន្លង ទៅ ៤គន្លង មុនដាក់ស្នើសុំគោលការណ៍​ពីរាជរដ្ឋាភិបាល។ លោក​ថ្លែងឱ្យដឹងដូច្នេះ ក្នុង​ពិធីសំណេះសំណាល​ជាមួយមន្រ្តី​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២០។

ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម (រូបថត៖ Googles Map)
ថ្លែងក្នុង​ពិធីនោះ លោក​ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានជូនអង្គពិធីរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

គួររំលឹកថា យោងតាម​លិខិត​របស់​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្ញើទៅកាន់​អភិបាល​ខេត្ត​កំពង់ចាម កាលពី​ខែសីហា ឆ្នាំ២០១៩​កន្លងទៅ បាន​ឱ្យដឹងថា កំណាត់​ផ្លូវ​ពី​ស្គន់ ដល់​ក្រុង​កំពង់ចាម​ មាន​លក្ខណៈ​តូច​ចង្អៀត​មិន​អាច​ឆ្លើយតប​ជាមួយ​បរិមាណ​ចរាចរណ៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អនុញ្ញាត​ឱ្យសាជីវកម្ម​ផ្លូវ-ស្ពាន​ចិន សិក្សា​គម្រោង​ពង្រីក​ផ្លូវ​ជាតិលេខ៧ ​ទៅជាផ្លូវ៤គន្លង ចាប់ពី​ស្គន់ ដល់​ក្រុងកំពង់ចាម ដើម្បី​ត្រៀមដាក់ចូល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្របខណ្ឌ​ឥណទាន​ពី​ប្រទេសចិនផែនការ​ ៥ឆ្នាំខាងមុខ៕

អត្ថបទថ្មី
;