អ្នកស្រាវជ្រាវអ៊ីស្រាអែល៖ មហាកំផែងចិនប៉ែកខាងជើង មិនមែនសង់ឡើងទប់ទល់នឹងទ័ពម៉ុងហ្គោល ជិនហ្គីស ខាន់ ឡើយ
- 2020-06-12 06:04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រាវជ្រាវអ៊ីស្រាអែល៖ មហាកំផែងចិនប៉ែកខាងជើង មិនមែនសង់ឡើងទប់ទល់នឹងទ័ពម៉ុងហ្គោល ជិនហ្គីស ខាន់ ឡើយ
ចន្លោះមិនឃើញ
ប៉ែកខាងជើង នៃមហាកំផែងចិន ដែលពីមុនមកត្រូវបានគេសន្និដ្ឋានថា សង់ឡើងដើម្បីទប់ទល់នឹងការឈ្លានពានរបស់ទ័ពម៉ុងហ្គោល អធិរាជ ជិនហ្គីស ខាន់ នោះ គឺមិនទំនងនោះទេ ពោលគឺសង់ឡើងសម្រាប់ត្រួតពិនិត្យមើលចលនារបស់ជនស៊ីវិល និងសត្វចិញ្ចឹម ក្នុងគោលបំណងប្រមូលពន្ធតែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់លោក Gideon Shelach-Lavi ដែលជាអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យយេរ៉ូសាឡឹម ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៩ មិថុនា ២០២០ ក្រោយសិក្សារឿងនេះបាន ២ឆ្នាំមក។
ការរកឃើញនេះ បន្ទាប់ពីលោកបានផ្គុំផែនទីពេញលេញផ្អែកលើរូបភាពផ្កាយរណប នៃមហាកំផែងប៉ែកខាងជើង ដែលមានប្រវែង ៧៤០គីឡូម៉ែត្រនេះ ជាលើកដំបូង។
លោក Gideon Shelach-Lavi បញ្ជាក់ថា ផ្នែកនៃមហាកំផែងនេះ គឺមានកម្ពស់ទាប និងកៀកផ្លូវដើរទៀត មិនសមធ្វើជារនាំងបាំងការពារកងទ័ពឈ្លានពានឡើយ ប៉ុន្តែគឺដើម្បីខ្ទប់មនុស្ស និងសត្វ មិនឱ្យចេញចូលបានឡើយ ព្រោះពេលនោះជារដូវរងា ម្លោះហើយគេត្រូវចុះមកភាគខាងត្បូង ដើម្បីស្វែងរកទីតាំងដែលកក់ក្តៅជាងផ្នែកខាងជើង។
សូមជម្រាបថា ការសាងសង់មហាកំផែងចិន ត្រូវបានបែងចែកជាច្រើនផ្នែកដែលលាតសន្ធឹងដល់រាប់ពាន់គីឡូម៉ែត្រ ក្នុងនោះ គឺចាប់ផ្តើមសាងសង់តាំងពីស.វទី៣ មុនគ.ស មកម្ល៉េះ។ ចំណែកផ្នែកខាងជើង (Nortern Line ឬហៅថា Genghis Khan's Wall) ត្រូវបានសង់ឡើងនៅចន្លោះស.វទី១១ និងទី ១៣៕