វីដេអូ៖ បង្ហាញពីអាហារដ្ឋានត្មាតមួយក្នុងតំបន់ព្រៃទេសភាពខ្ពង់រាប ខេត្តមណ្ឌលគិរី

  • 2020-06-20 13:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ WWF កម្ពុជា បាន​បង្ហាញវីដេអូពីអាហារដ្ឋានត្មាតមួយដែលរៀបចំឡើងនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត (EPL) ដោយក្រុមអ្នកស្រាវជ្រាវនិងអ្នកជំនាញសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និង អង្គការWWF ដើម្បីតាមដានស្ថានភាពនិងចំនួនសត្វត្មាតក្នុងតំបន់នេះ។

ចាប់តាំងពីដើមឆ្នាំ ២០២០ មកគេបានរាប់ចំនួនសត្វត្មាតភ្លើងចំនួន ៥ ក្បាល រីឯសត្វត្មាតភ្លើងចំនួន ៦ ក្បាល ជាចំនួនខ្ពស់បំផុត ដែលគេបានរាប់នៅក្នុងខែជំរឿនសត្វត្មាត គឺមិថុនា កញ្ញា និងធ្នូ ឆ្នាំ ២០១៩។ អង្គការ WWF ធ្លាប់មានកំណត់ត្រាអំពីវត្តមានរបស់សត្វត្មាតផេះ និងសត្វត្មាតត្នោតផងដែរនៅក្នុងតំបន់ព្រៃទេសភាព ខ្ពង់រាបភាគខាងកើត។

នៅកម្ពុជា ប្រភេទសត្វត្មាតទាំងនេះមានចំនួនតិចតួច ហើយបានបន្តធ្លាក់ចុះ គួរឲ្យបារម្ភខ្លាំង។ ជំរឿនសត្វត្មាតឆ្នាំ ២០២០ ដែលត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អង្គការ BirdLife អង្គការ WWF មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ និងអង្គការ WCS បានបង្ហាញថា សត្វត្មាតមានចំនួនសរុបត្រឹមតែ ១១៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី។

ការពុលដោយថ្នាំកសិកម្មសំលាប់សត្វល្អិត គឺជាកត្តាគំរាមកំហែងចំបងមួយ ខណៈការគំរាមកំហែងដ៏ទៃរាប់បញ្ចូលការបាត់បង់ទីជម្រក និងការបាត់បង់ប្រភេទសត្វព្រៃជាចំណីក្នុងនោះរួមមានការធ្លាក់ចុះនៃចំនួនថនិកសត្វព្រៃក្រចកជំពាមផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;