ប្រធាន​សមាគម JBAC ជប៉ុន លើកឡើង​ពីកង្វល់​ការ​សងថ្ងៃឈប់សម្រាក​ចូលឆ្នាំ

  • 2020-06-26 02:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក KANDA Yogo ប្រធាន​សមាគម​ធុរកិច្ច​ជប៉ុន​នៃកម្ពុជា (JBAC) បាន​លើកឡើង​ពី​កង្វល់​ការសងថ្ងៃឈប់​សម្រាក​សម្រាប់​ឱកាស​ចូលឆ្នាំខ្មែរកន្លងទៅ ដោយ​លោកស្នើឱ្យ​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យបាន​ដឹង​មុន​ដើម្បី​ឱ្យមាន​ការត្រៀមខ្លួន​ជាមុន ជៀសវាង​ការថ្ងៃ​ឈប់សម្រាក​ ចំថ្ងៃដែល​សង្វាក់​ផលិតកម្ម​ ឬមុខ​ជំនួញ​កំពុង​ប្រតិបត្តិការ​មមាញឹក។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុងជំនួបជាមួយ​លោក ចម ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពីថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ​២០២០។

ក្នុងជំនួបនេះ លោក KANDA Yogo បាន​អរគុណ​ដល់​ក្រសួង​តែងតែគាំទ្រ​ និងរកដំណោះស្រាយឲ្យដំណើរការក្រុមហ៊ុន រោងចក្រជប៉ុននៅកម្ពុជា​ បានប្រព្រឹត្តិទៅដោយភាពរលូន ព្រមទាំងអបអរសាទរចំពោះការប្តូរឈ្មោះក្រសួងថ្មី ដោយបានបញ្ចូលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌នៅក្នុងនោះ ដែលជាវិស័យដ៏សំខាន់សម្រាប់ជួយជម្រុញការធ្វើសេដ្ឋកិច្ចបែបឌីជីថល ។ ជាពិសេសក្នុងដំណាក់កាលវិបត្តិនេះ សង្ឃឹមថា៖ក្រសួងនឹងបន្តសហការគាំទ្រ ជាបន្តបបន្ទាប់ទៀត ។

​ជាការឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំ​ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ក្រសួង និងប្តូរនាមប័ណ្ណគ្នា ដើម្បីស្គាល់និងរួមគ្នាដោះស្រាយនូវបញ្ហាជាកង្វល់តាមលទ្ធភាពជាក់ស្តែង។ ចំពោះការសងថ្ងៃឈប់សម្រាក ឲ្យមានការជូនដំណឹងមុន លោក​ទេសរដ្ឋមន្ត្រី ចាត់ទុកជាការសំខាន់ ហើយនឹងលើកបញ្ហានេះ ដើម្បីជាដំណោះស្រាយ។

គួរ​រំលឹកថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរ​កាលពីថ្ងៃទី ១៣-១៤-១៥ និង ១៦ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ គឺ​ពុំមាន​ការឈប់សម្រាកនោះទេ ដើម្បីទប់ស្កាត់​ការរីករាលដាល​ជំងឺកូវីដ១៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល​បាន​សងថ្ងៃឈប់ ៥ថ្ងៃជំនួសវិញ នៅពេលវេលាសមស្របណាមួយ​នាពេលខាងមុខ៕

ប្រភព៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍

អត្ថបទថ្មី
;