វីដេអូ៖ ទស្សនា​សំណង់​ប្រឡាយ​ដ៏ធំ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ក្រោម​បច្ចេកទេស​របស់​ជប៉ុន

  • 2020-07-13 05:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម ​បាន​អញ្ជើញ​ចុះពិនិត្យ​គម្រោងលំហាច មានទីតាំង​ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន។

គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៨៤,៧ % លើទំហំការងារសរុបរបស់គម្រោង។

ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖

១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ % ។

២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។

៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ % ។

៤- សាង់សង់ប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។

៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេចបាន ៨៥ % ។

៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ % ។

៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ % ។

៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង សម្រេចបាន ១០០ %។

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣២៨៩ហិកតា ។

លោក​រដ្ឋមន្ត្រីបានជម្រាបជូននូវអ្វី ដែល​ជាលក្ខណៈ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ ដែល​ក្រសួង​ បាន​ និងកំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​ទៅ​តាម​ស្ថានភាព​ភូមិ​សាស្ត្រ​ជាក់ស្ដែង​ ដូចជា​អនុគម្រោងលំហាចនេះជាដើម​ គឺជា​សំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ​ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀររបស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះ​ផងដែរ៕

សូមទស្សនាវីដេអូ​ខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹក និង​ឧតុនិយម

អត្ថបទថ្មី
;