ក្នុងចំណោម ៣ប្រទេស គឺ​សល់តែ​អាមេរិក​មួយទេ ដែលមិន​ទាន់​បង្ហោះ​យាន​ទៅភពអង្គារ​ក្នុង​ខែ​នេះ

  • 2020-07-23 07:07:50
  • ចំនួនមតិ 5 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


៣ប្រទេស​ដែលប្រជែងគ្នា​បាញ់បង្ហោះយានអវកាស​ទៅភពអង្គារក្នុងខែកក្កដា ឆ្នាំ​២០២០នេះ រួមមាន អារ៉ាប់រួម ចិន និងអាមេរិក ក្នុងនោះ អារ៉ាប់រួម និងចិន បាន​បាញ់បង្ហោះ​រួចហើយ នៅសល់តែអាមេរិកមួយ​ទេ។

អារ៉ាប់រួម បាន​បាញ់​បង្ហោះ​យានអវកាស HOPE ឆ្ពោះទៅភពអង្គារ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០ ចេញពី​ប្រទេសជប៉ុន ដោយរំពឹងថា នឹងទៅដល់ភពនោះ​ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២១។  យានអវកាសនេះ នឹងមិនចុះចតលើផ្ទៃដី​ភពអង្គារឡើយ ដោយ​គ្រាន់តែ​នៅលើគន្លងប៉ុណ្ណោះ ​ក្នុងរយៈពេលមួយឆ្នាំភពអង្គារ ឬស្មើនឹង ៦៨៧ថ្ងៃ។ បេសកកម្មរបស់​វា គឺដើម្បីផ្តិតយករូបភាព​អាកាសធាតុ​ បរិយាកាសភពអង្គារ ដើម្បីក្លាយ​ជាមូលដ្ឋាន​ស្រាវជ្រាវបន្ថែម​ក្នុងការ​បញ្ជូន​មនុស្ស​ទៅភពនោះ ​ក្នុងរយៈពេល ១០០ឆ្នាំក្រោយ។ ​អារ៉ាប់រួម ក៏ចង់​ឱ្យគម្រោងនេះ ក្លាយ​ជាប្រភព​ជំរុញ​យុវជន​អារ៉ាប់ផងដែរ។

ចំណែក​ប្រទេសចិនវិញ គឺបាន​បាញ់បង្ហោះ​យានអវកាស Tianwen-1 ចេញពី​ខេត្តហៃណាន់ នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០នេះ ដោយរំពឹងថា នឹងទៅដល់ភពអង្គារ​ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២១ដូចគ្នា។ បេសកកម្មនេះ គឺគ្រោង​នឹងទៅដល់គន្លងភពអង្គារ ចុះចត និង​បើកបរ​លើផ្ទៃដីភព​នោះ ដើម្បី​ស្រាវជ្រាវ​ប្រមូលទិន្នន័យពីស្រទាប់ដី រចនាសម្ព័ន្ធភូគព្ភសាស្រ្ត បរិស្ថាន បរិយាកាស និង​ទឹក។

ដោយឡែកអាមេរិកវិញ គឺអង្គការ NASA គ្រោងនឹង​បាញ់បង្ហោះ​យានអវកាស Perseverance នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២០​ខាងមុខនេះផងដែរ។ យាននេះ គ្រោង​នឹងទៅដល់ភពអង្គារ​នៅខែកុម្ភៈ ឆ្នាំ​២០២១ដូចគ្នា ដោយ​គ្រោងចុះចតលើផ្ទៃដីភពត្រង់ចំណុចរណ្តៅ Jezero។ យាន​នេះ  នឹង​សិក្សា​អំពី​បរិយាកាស និង​ភូគព្ភសាស្រ្ត​របស់​ភពអង្គារ ព្រមទាំងខួងយក​គំរូថ្ម និងដី​មួយ​ចំនួន​ដើម្បី​ត្រៀមយកមកផែនដីវិញ។ បេសកកម្មនេះ គឺ​ដើម្បី​សិក្សាពីជីវិត​ដែល​កើតមានក្នុងអតីតកាលលើភពនេះ ពិសេស​គឺសម្រាប់បើកផ្លូវ​ក្នុង​ការបញ្ជូនមនុស្ស​ទៅភពអង្គារ​នាពេលខាងមុខ៕

ចុចអានបន្ថែម៖

ប្រភព៖ CGTN

;