ការ​សង់​អគាររដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅច្រកទ្វារ​ព្រំដែនស្ទឹងបត់ មានការ​យឺតយ៉ាវ

  • 2020-08-06 01:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការអនុវត្តការងារសាងសង់​អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់​ មកដល់ពេលនេះ​សម្រេចទើបតែបាន ៥% ប៉ុណ្ណោះ ពោលគឺ​មានភាព​យឺតយ៉ាវ ២ខែ ហើយ​គ្រោងនឹង​បញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។

កាលពីថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និង​បច្ចេកទេស​នៃការសាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួចរាល់តាមកិច្ចសន្យាដែលបានកំណត់។

លោក​ទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល២ខែធៀបនឹងកិច្ចសន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។

ជាមួយគ្នានោះផងដែរ លោក​បានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃពន្លឿនការងារសាងសង់របស់ខ្លួន និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិវិធីបើកច្រកស្ទឹងបត់នេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមបញ្ជក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥.២៥០.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;