បើកលើផ្លូវជាតិលេខ៥១ ជារឿយៗ ដឹងអត់ថាផ្លូវហ្នឹង​ចំណាយលុយសាងសង់​ប៉ុន្មាន?

  • 2020-08-13 06:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ផ្លូវជាតិលេខ៥១ មាន​ប្រវែង​ ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពី​ផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់​ដោយ​ក្រុមហ៊ុនសាជីវកម្មស្ពាន​ថ្នល់ចិន ចំណាយ​ថវិកាអស់​ ៤០,៨៨លានដុល្លារ។

ផ្លូវនេះ ត្រូវ​បាន​បើកការដ្ឋាន​សាងសង់​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៧ និង​បាន​ប្រគល់​ទទួល​ជាបណ្តោះអាសន្ន​នៅឆ្នាំ​២០១៩ និង​ស្ថិតក្រោមការជួសជុលថែទាំ​របស់​ក្រុមហ៊ុន​សាងសង់។

កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។

ថ្លែងក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ លោក​រដ្ឋលេខាធិការបានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេសទាក់ទងនឹងគុណភាព និង បច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការ ចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវនេះ។

ជាមួយគ្នានេះផងដែរ លោក​បានជម្រាបជូនថា៖ ក្រសួងប្រគល់ផ្លូវនេះទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះ លោក​រដ្ឋលេខាធិការបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យយើងមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;