ដឹង​អត់​ថា វៀតណាម​ស្ថិតក្រោមចំណុះនគរមួយណា ក្នុងសម័យសាមកុក?

  • 2020-08-13 09:10:53
  • ចំនួនមតិ 223 | ចំនួនចែករំលែក 840

ចន្លោះមិនឃើញ


វៀតណាម ដែលពីមុនមានឈ្មោះអណ្ណាម ឬដាយវៀតនោះ បានធ្លាក់ក្រោម​ការកាន់កាប់​របស់​ប្រទេសចិន ក្នុងរាជវង្សជាច្រើនជំនាន់​ ចាប់ពីឆ្នាំ​១១១មុនគ.ស មកម្ល៉េះ ពោលគឺ​តាំងពីសម័យរាជវង្សហាន។

ក្រោយការដួលរលំ​នៃរាជវង្សហាន ក្នុងឆ្នាំ​២២០នៃគ.ស ប្រទេសចិន ត្រូវបាន​បែងចែកជា៣នគរធំៗ ឬហៅថា សម័យសាមកុក រួមមាន នគរអ៊ួយ (ត្រកូលឆាវ), នគរស៊ូហាន (ត្រកូលលីវ) និង​នគរអ៊ូ (ត្រកូលស៊ុន)។ ក្នុងនោះ វៀតណាម គឺ​បាន​ស្ថិតក្រោមការគ្រប់គ្រងរបស់​នគរអ៊ូ។ ក្រោយសម័យសាមកុក វៀតណាម បន្តនៅជាចំណុះរាជវង្សជីន របស់ត្រកូលស៊ឺម៉ា។

តួអង្គស៊ុនឈាន ស្តេចនគរអ៊ូ ក្នុងរឿងនគរបី
ផែនទីនគរទាំង៣

មកដល់ឆ្នាំ៥៤៤ វៀតណាម ក្រោមការដឹកនាំរបស់ Ly Nam De បាន​ងើបបោះបោរ និងទទួលបានឯករាជ្យរយៈពេលជិត ៦០ឆ្នាំដែរ។ តែនៅ​ឆ្នាំ ៦០៤ មេទ័ពរាជវង្សស៊ួយ បានដឹកនាំទ័ព​ ២លាន ៧សែននាក់ ចូល​ឈ្លានពាន​ និងត្រួតត្រា​តំបន់ Van Xuan ភាគខាងជើង​វៀតណាម​បានសម្រេច។ រាជវង្សស៊ួយ បាន​ប្តូរឈ្មោះតំបន់នេះទៅជា Giao Chau វិញ។

ក្រោយ​ការដួលរលំ​នៃរាជវង្សស៊ួយ វៀតណាម ក៏បន្តស្ថិតក្រោមការត្រួតត្រារបស់រាជវង្សថាងទៀត រហូតដល់ឆ្នាំ ៩៣៨។ គិតពីឆ្នាំ ៦០២ ដល់ ៩៣៨ វៀតណាម បានងើបបះបោរដល់ទៅ ៨លើក ក្នុងនោះ ការបះបោររបស់មេដឹកនាំឈ្មោះ Mai Thuc Loan បាន​ទទួលជ័យជម្នះ ហើយវៀតណាម​ទទួលបាន​ឯករាជ្យនៅឆ្នាំ​៩៣៨នោះតែម្តង។

វៀតណាមពេលនោះ បានស្គាល់​ឯករាជ្យ​ជិត ៥០០ឆ្នាំ ដោយក្នុងនោះ​ក៏មានការឈ្លានពានពីទ័ពម៉ុងហ្គោលផងដែរ ប៉ុន្តែត្រូវបរាជ័យ។ យ៉ាងណាមិញ វៀតណាម​ត្រូវរាជវង្សម៉េង ឈ្លានពាន​ចូល និងកាន់កាប់​វៀតណាម ២១ឆ្នាំ ពីឆ្នាំ១៤០៧ ដល់ ១៤២៧។ វីរបុរសវៀតណាម Le Loi ​គឺជាអ្នក​ដឹកនាំការបះបោរ​ប្រឆាំង និងយកជ័យជម្នះលើរាជវង្សម៉េង ហើយចាប់ពីឆ្នាំ​១៤២៧នោះមក វៀតណាម មិនត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សនៃប្រទេសចិន ទៀតឡើយ៕

ចុចអាន៖

ប្រភព៖ medium

;