លោក វ៉ាន់ឌឿន៖ «ចំពោះខ្ញុំ ពាក្យថា “អភិរក្ស” គឺមានន័យសំដៅលើការការពារធនធានធម្មជាតិឱ្យបានគង់វង្សយូរអង្វែង

  • 2020-08-26 01:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាន់ឌឿន បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ចំពោះខ្ញុំ ពាក្យថា “អភិរក្ស” គឺមានន័យសំដៅលើការការពារធនធានធម្មជាតិឱ្យបានគង់វង្សយូរអង្វែង។ ខ្ញុំចង់ការពារធនធានធម្មជាតិទាំងអស់នោះសម្រាប់មនុស្សជំនាន់ក្រោយ ដោយធ្វើយ៉ាងណាប្រឹងប្រែងការពារតំបន់ការពារធម្មជាតិទាំងអស់ឱ្យបានល្អ។

លោក វ៉ាន់ឌឿន បានបន្តថា ខ្ញុំចង់ឃើញសត្វព្រៃទាំងអស់រស់នៅក្នុងទីជម្រករបស់វាដោយសុខសាន្ត គ្មានការកាប់សម្លាប់ គ្មានការគំរាមកំហែង ដូចជាការបរបាញ់ ការដាក់អន្ទាក់ ឬការបាត់បង់ទីជម្រករបស់វា។ ខ្ញុំចង់ឃើញប្រជាពលរដ្ឋខ្មែរចេះឱ្យតម្លៃសត្វព្រៃនិងព្រៃឈើ និងចូលរួមចំណែកការពារនិងអភិរក្សធនធានធម្មជាតិទាំងអស់តាមរយៈមិនការមិនបរិភោគសាច់សត្វព្រៃ និងមិនកាប់ព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ។

លោក វ៉ាន់ឌឿន បន្ថែម ខ្ញុំសប្បាយចិត្តដោយបានចូលរួមចំណែកបំពេញបេសកកម្មជាមួយអង្គការ WCS ដើម្បីការពារនិងអភិរក្សសត្វព្រៃនិងតំបន់ព្រៃការពារ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាននិងរដ្ឋបាលព្រៃឈើ»។ លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមផ្នែកអង្កេតសត្វព្រៃ ដែលបានចូលបម្រើការងារនៅអង្គការ WCS បន្ទាប់ពីលោកបានចូលបម្រើការជាអ្នកស្ម័គ្រចិត្តនៅអង្គការអភិរក្សអន្តរជាតិ (CI) និងក្រោយពីបញ្ចប់បរិញ្ញាបត្ររងផ្នែកវិទ្យាសាស្ត្រជលផលនិងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រព្រៃឈើពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

បន្ទាប់មក លោក វ៉ាន់ឌឿន បានចូលបម្រើការជាអ្នកស្ម័គ្រនៅការិយាល័យការពារសត្វព្រៃនៃរដ្ឋបាលព្រៃឈើនៅភ្នំពេញនិងអនុវត្តការងារទីវាលនៅខេត្តរតនគិរី ដែលនៅទីនោះលោកទទួលបានបទពិសោធន៍ដ៏ល្អក្នុងការប្រើប្រាស់និងបំពាក់ម៉ាស៊ីនថតសត្វស្វ័យប្រវត្តិដើម្បីថតសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន លោក វ៉ាន់ឌឿនកំពុងដឹកនាំក្រុមការងាររៀបចំបន្ទាត់ត្រង់សិកដើម្បីអង្កេតចំនួនថនិកសត្វនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់អំពីបម្លាស់ទីរបស់ប្រភេទសត្វសំខាន់ៗនិងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕

ប្រភព៖ WCS Cambodia

អត្ថបទថ្មី
;