មកដឹងពីអត្ថន័យនៃការពូនភ្នំខ្សាច់
- 2020-09-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យនៃការពូនភ្នំខ្សាច់
ចន្លោះមិនឃើញ
គេតែងសង្កេតឃើញ បងប្អូនខ្មែរនិយមធ្វើពិធីពូនភ្នំខ្សាច់នៅតាមវត្ត ក្នុងឱកាសពិធីបុណ្យផ្សេងៗដូចជានៅពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យបញ្ចុះខណ្ឌសីមា និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌជាដើម។ តើការប្រារព្ធពិធីនេះមានន័យដូចម្ដេចខ្លះទៅ?
លោកអាចារ្យ សូរ សារ៉ុម នៅវត្តសិរីសាគរ ខេត្តព្រៃវែង បានមានប្រសាសន៍បកស្រាយចម្ងល់ខាងលើថា គឺគេធ្វើឡើងដើម្បីរំដោះកម្មពៀរវេរា ឬរាសីដាក់ (រាសីចុះ) ពីពួកបិសាច ឬបាបកម្មចង្រៃដែលចង់មកយាយី។ ការរំដោះពៀរវេរានោះគឺតាមរយៈការឲ្យព្រលឹងកម្មចង្រៃ ព្រាយបិសាចដែលមកយាយីត្រូវរាប់គ្រាប់ខ្សាច់ដែលបុគ្គលបានពូននោះឲ្យអស់ បើរាប់មិនអស់ទេ គឺមានន័យបុគ្គលធ្វើបុណ្យ ពូនភ្នំខ្សាច់បានរំដោះកម្មពៀរពីឧបទ្រពចង្រៃទាំងនោះ។
ដោយឡែក បើយោងតាមឯកសារទំនៀមទម្លាប់ប្រពៃណីខ្មែរជាច្រើនបានសរសេរថា ការធ្វើពិធីពូនភ្នំខ្សាច់ឡើងគឺមានអត្ថន័យមួយចំនួនទៀតដូចជា៖
ពិធីពូនភ្នំខ្សាច់ធ្វើឡើងដើម្បីឧទិ្ទសដល់ព្រះមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធ ដែលមានន័យថា ភ្នំខ្សាច់គរលើគ្នានោះប្រៀបនឹងកូនភ្នំមួយ តំណាងឲ្យព្រះចេតិយមានតម្កល់ព្រះអដ្ឋិធាតុរបស់ព្រះពុទ្ធ។ នៅពេលដែលបុគ្គលណាបានពូនភ្នំខ្សាច់ហើយនោះ គឺហាក់បីបានចូលរួមក៏សាងព្រះចេតិយថ្វាយព្រះពុទ្ធ។ ដោយបុគ្គលនោះ នឹងទទួលផលអានិសង្ឃខ្ពស់។
ការធ្វើពិធីពូនភ្នំខ្សាច់គឺដើម្បីរំដោះកម្មពៀវេរាដែលបុគ្គលធ្លាប់បានសាងពីជាតិមុនមក។ មានន័យថាប្រសិនបើបុគ្គលនោះមានពៀរដោយហេតុធ្លាប់បានសម្លាប់សត្វឬបៀតបៀនអ្នកដទៃពីជាតិមុន ហើយគេចង់មកចងកម្មពៀរ ឬយកជីវិតបុគ្គលនោះ ត្រូវតែរាប់ចំនួនខ្សាច់ដែលមនុស្សនោះបានពូនឲ្យអស់សិន ទើបអាចយកជីវិត ឬចងកម្មពៀរបាន។ បើរាប់មិនអស់ទេមានន័យស្មើនឹងបុគ្គលនោះបានរំដោះកម្មចង្រៃពីសត្វ ឬព្រលឹងចងពៀរនោះ។
ការធ្វើពិធីពូនភ្នំខ្សាច់គឺដោយយោងតាម វត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់។ ដូចនេះព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាត ឲ្យមានពិធីនោះឡើង បន្ទាប់មកគេយកខ្សាច់នោះ ទៅប្រគេនព្រះសង្ឃសម្រាប់ ដែលត្រូវការវត្ថុធាតុដើមនោះទៅប្រើប្រាស់សាងសង់អ្វីៗ ក្នុងបរិវេណវត្ត ឬក្រៅវត្ត ដោយបម្រើផលប្រយោជន៍សាធារណៈ៕