កម្ពុជា គ្រោងរៀបចំចម្ការដាំពូជ ព្នៅចម្រុះ ដើម្បីអភិរក្ស

  • 2020-09-25 09:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយ​ដាំ​ពូជ​ព្នៅ​ចម្រុះ​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ ដោយយល់ពីសារប្រយោជន៍ ក៏ដូច​ជា​ដើម្បី​អភិរក្ស​ពូជ​ដើម​ព្នៅ​កុំ​ឱ្យ​បាត់​បង់ សម្រាប់​ទុក​ឱ្យ​អ្នក​ជំនាន់ក្រោយៗបានស្គាល់ផង។ ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយ​មាន​សារ​ប្រយោជន៍​ច្រើន​មុខ ទាំងសម្រាប់បរិភោគ និងជា​ឱសថ​ផង លើស​ពីនេះ វា​ជារុក្ខជាតិ​ដែល​ត្រូវ​បាន​លើក​តម្កើង​ទាំង​ពិធី​សាសនា និង​កិច្ច​ពិធី​ផ្សេងៗ​ក្នុង​សាសនា​ព្រាហ្មណ៍។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រាប់ពីគម្រោងរៀបចំចម្ការដើមព្នៅនេះ ក្នុង​ឱកាស​ចូលរួមដាំដើមព្នៅចំនួន៨៤ដើម នៅបរិវេណខាងជើងកសិន្ធុអង្គរវត្ត ដោយ​មាន​ការ​និមន្ត​ចូល​រួម​ពី​ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និង​ជា​ឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃ​នាយក​នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ ដើម្បី​លើក​នូវ​គុណ​តម្លៃ​នៃ​រុក្ខជាតិ​ដើម​ព្នៅ។ តាមការបញ្ជាក់ពីលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ចម្ការ​ព្នៅ​នេះ​គ្រោង​រៀប​ចំ​នៅ​ខាង​ជើង​ក្រុង​អង្គរ​ធំ។

អាជ្ញាធរជាតិអប្សរា បានចូលរួមសហការដ៏រីករាយជាមួយគម្រោងដាំដើមព្នៅឡើងវិញនៅតំបន់អង្គរ ដែលជាគំនិតផ្តួចផ្តើមដ៏ជ្រះថ្លារបស់ព្រះមហាវិមលធម្ម ពិន សែម ដែល​ព្រះ​អង្គ​មាន​បំណង​បំផុស​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់ពីសារប្រយោជន៍នៃរុក្ខជាតិមួយនេះ។ ព្រះចៅអធិការវត្តរាជបូណ៌ មាន​ព្រះ​បន្ទូល​បន្ថែម​ថា ព្នៅ មានសារប្រយោជន៍ទាំងការបរិភោគ ជាឱសថ និង​ជា​រុក្ខជាតិ​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​សាសនា​ព្រាហ្មណ៍។ រីឯការយកមកនាំនៅមុខអង្គរវត្តនេះ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលថា ដោយ​សារ​ព្រះ​អង្គចង់ឱ្យព្នៅជាផ្នែកមួយទាក់ទងភ្ញៀវទេសចរ ព្រោះ​ថា​ផ្កា​របស់​វា​មាន​ក្លិន​ប្រអូប​នា​រយៈ​ពេល​ពេញមួយខែនារដូវចេញផ្កាម្ដងៗ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

;