TikTok បន្ថែមមុខងារថ្មីអាចកំណត់កុំឲ្យលេងជក់ពេក មកផ្ដោតលើជីវិតពិតវិញ

  • 2020-10-06 08:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្តាញសង្គម TikTok ទទួលបានការពេញនិយមខ្លាំងពីក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងវីដេអូខ្លីៗ បែបកំប្លែង ហើយប្លែក។ ដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួននៅតែអាចបន្តរីករាយទស្សនាវីដេអូកម្សាន្តប្លែកៗ មកពីជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព TikTok បានបង្កើតកម្មវិធីថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតាមដាន និងគ្រប់គ្រងពេលវេលាដែលបានចំណាយនៅលើ TikTok។

​TikTok បានសហការជាមួយនឹងអ្នកផលិតវីដេអូល្បីៗ ដូចជា @jameshenry, @gabe, @alanchikinchow និង @cosette ក្នុងការបង្កើតវីដេអូខ្លីៗដែលជំរុញ និងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ ពិនិត្យមើលពេលវេលាដែលគេបានចំណាយនៅលើ TikTok។ វីដេអូទាំងនោះបានបញ្ចូលនូវភ្លេងដែលអ្នកប្រើប្រាស់ចូលចិត្ត ហើយប្រាប់ឱ្យពួកគេចាប់ផ្តើមធ្វើកិច្ចការអ្វីមួយក្នុងជីវិតពិតរបស់ពួកគេវិញម្តង។ ឧទាហរណ៍ ការដើរលេងជុំវិញទីក្រុងដែលពួកគេរស់នៅ អានសៀវភៅ ណាត់ជួប និងញ៉ាំអាហារជាមួយមិត្តភក្តិ ឬចាប់ផ្តើមណាត់ជួបនរណាម្នាក់ដែលគេពេញចិត្ត។

ដើម្បីឱ្យប្រាកដថា សាររបស់ពួកគេពិតជាបានផ្ញើទៅអ្នកប្រើប្រាស់របស់ខ្លួន អ្នកផលិតវីដេអូបានបង្កើតវីដេអូទាំងនោះជាលក្ខណៈ TikTok និងបានបង្ហោះវានៅក្នុងកម្មវិធីទូរសព្ទ TikTok តែម្តង។

គោលបំណងក្នុងការបង្កើតវីដេអូទាំងនោះ គឺដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ថា TikTok អាចនៅរង់ចាំពួកគេបាន ខណៈពេលដែលពួកគេចេញទៅធ្វើកិច្ចការផ្សេងៗទៀត ក្នុងជីវិតរបស់ពួកគេ។ វីដេអូទាំងនេះគឺជាវីដេអូខ្លីៗចុងក្រោយបង្អស់នៅក្នុងស៊េរីវីដេអូ «លោកអ្នកអាចគ្រប់គ្រងវាបាន» ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ ដើម្បីផ្តល់ឱ្យពួកគេនូវកម្មវិធីសុវត្ថិភាព និងការអនុវត្តដ៏ល្អបំផុតពី TikTok ។

នៅក្នុងវីដេអូក៏បានបង្ហាញពីកម្មវិធីគ្រប់គ្រងពេលវេលាអេក្រង់ TikTok ដោយគ្រាន់តែចុចលើប៊ូតុង សុខុមាលភាពឌីជីថល។ បន្ទាប់មក អ្នកប្រើប្រាស់អាចកំណត់ពេលវេលាដែលគេចង់ប្រើ ដោយជ្រើសរើសរយៈពេលណាមួយ រួចចាក់សោដោយប្រើលេខកូដសម្ងាត់៤ខ្ទង់។

របៀបចូលទៅកាន់កម្មវិធីគ្រប់គ្រងពេលវេលាអេក្រង់ ៖

  • ចូលទៅកាន់ «Settings and privacy» រួចចុចលើ «Digital Wellbeing»
  • ចុចលើ «Screen Time Management»
  • ជ្រើសរើសពេលវេលាណាមួយដែលលោកអ្នកពេញចិត្ត រួចចុចលើប៊ូតុងពណ៌ក្រហមនៅខាងក្រោម

TikTok តែងតែសហការជាមួយអ្នកផលិតវីដេអូល្បីៗ ដើម្បីអប់រំដល់សហគមន៍ TikTok អំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ សុខុមាលភាព និងកម្មវិធីនានា ដែលមានសម្រាប់ពួកគេ។ សក្តានុពលរបស់អ្នកផលិតទាំងនោះ បានជួយឱ្យសហគមន៍ទាំងអស់ស្គាល់គ្នា និងយល់កាន់តែច្បាស់អំពីកម្មវិធី TikTok ។ អ្នកអាចស្វែងយល់បន្ថែមពីការគ្រប់គ្រងពេលវេលាប្រើប្រាស់ នៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាព (Safety Center) ឬគណនីជំនួយ (@TikTokTips)ដែលមាននៅក្នុងកម្មវិធីTikTok ។

TikTok ត្រូវបានដាក់ឱ្យប្រើប្រាស់នៅទូទាំង ១៥០ប្រទេស និងតំបន់ ដែលមាន ៧៥ភាសា ដែល​អ្នកអាចទាញយកកម្មវិធី TikTok ​បាន នៅលើ Apple App Store ឬ Google Play Store៕

អត្ថបទថ្មី
;