កំណត់ត្រាថ្មី! សម្បុកសត្វចង្កៀលខ្យងជាង ២ពាន់ត្រូវបានរកឃើញលើកដំបូងនៅកម្ពុជា
- 2020-10-26 03:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាថ្មី! សម្បុកសត្វចង្កៀលខ្យងជាង ២ពាន់ត្រូវបានរកឃើញលើកដំបូងនៅកម្ពុជា
ចន្លោះមិនឃើញ
សម្បុកសត្វចង្កៀលខ្យងជាង ២ពាន់ត្រូវបានរកឃើញជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ នេះបើតាមការឲ្យដឹងដោយអង្គការ BirdLife កាលពីថ្ងៃទី ២៤ តុលា ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ។ អង្គការBirdLife ក្រោមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការគាំទ្រដល់ការអង្កេតតាមដានជីវៈចម្រុះនៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០០៣មកម្ល៉េះ។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅបាននឹងកំពុងគាំទ្រដល់សត្វក្រៀលរកចំណីនៅរដូវមិនបន្តពូជប្រមាណ៣០% នៃចំនួនសត្វក្រៀលសរុបទូទាំងប្រទេស និងបានគាំទ្រដល់សត្វស្លាបផ្សេងៗទៀតប្រមាណជា១២៩ប្រភេទ ព្រមទាំងបានផ្តល់គុណតម្លៃសេវាកម្មអេកូឡូស៊ី(ត្រី ទឹក កសិកម្ម...) ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ ក្នុងតម្លៃប្រមាណជាងពីរលានដុល្លាអាមេរិចក្នុងមួយឆ្នាំ (WWT, ២០១២ )។
សត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មកម្ល៉េះ ដែលមានចំនួនប្រហែលជាងមួយរយក្បាលប៉ុណ្ណោះ។ ចំនួនសត្វនេះបាននឹងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ យោងតាមមន្រ្តីឧទ្យានុរក្ស និងមន្រ្តីជីវៈចម្រុះ នៅក្នុងឆ្នាំ២០២០នេះ ចំនួនរបស់ពួកវាបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ ការធ្វើសម្បុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។
លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៤ឆ្នាំដែលក្រសួងបរិស្ថានបានគ្រប់គ្រងតំបន់នេះ យើងសង្កេតឃើញថាចំនួនសត្វស្លាបព្រៃមានការកើនឡើងជាលំដាប់។ ជាក់ស្ដែងដូចជាវត្តមានពងកូនសត្វចង្កៀលខ្យងដែលទើបនឹងរកឃើញជាលើកទី១នាពេលថ្មីៗនេះ។ ទិន្នន័យនេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវលទ្ធផលជាវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារយើងកន្លងមក ក្នុងការការពារ និងអភិរក្សធនធានជីវៈចម្រុះនៅតំបន់ដីសើមនេះ។ ក្នុងនាមជានាយករងតំបន់ការពារ ខ្ញុំសូមប្ដេជ្ញាចិត្តបន្តដឹកនាំមន្ត្រីឧទ្យានុរក្សថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់នេះឱ្យនៅគង់វង្ស ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តតាកែវ ដែលជាអង្គភាពគ្រប់គ្រងតំបន់ការពារទេសភាពនេះដោយផ្ទាល់ មានសេចក្ដីសោមនស្សរីករាយជាខ្លាំងចំពោះកំណើនសត្វ និងកំណត់ត្រាថ្មីនេះ។ ការសម្រេចចិត្តធ្វើសម្បុកពងកូនរបស់សត្វចង្កៀលខ្យងនៅតំបន់នេះមានន័យថាយើងបានផ្តល់ទីជម្រកសុវត្ថិភាពដល់ពួកវា។ ហេតុនេះ ក្នុងនាមមន្ទីរបរិស្ថាននឹងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ សហគមន៍ និងអង្គការដៃគូដើម្បីការពារទីជម្រកព្រៃលិចទឹកនេះមិនឱ្យបាត់បង់។
លោក ម៉ឹង វុធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ មានប្រសាសន៍ថា កន្លងមកខ្ញុំពុំដែលឃើញសត្វចង្កៀលខ្យងមានវត្តមានច្រើនកុះករនឹងកំពុងបន្តពូជធ្វើសម្បុកពងកូនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅច្រើនបែបនេះទេ។ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បានកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូដែលបានខិតខំអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិនេះ យើងនឹងធ្វើកិច្ចសហការក្នុងការអភិរក្សធនធានធម្មជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៀត។
លោក Saber Masoomi អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជាអង្គការ WWT មានប្រសាសន៍ថាបឹងព្រែកល្ពៅជាផ្នែកមួយនៃធនធានធម្មជាតិដ៏ធំបំផុតដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីដីសណ្ដទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។ តំបន់ដីសើមនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៥ ០០០ គ្រួសារមកពី២២ ភូមិជុំវិញតាមរយៈការផ្តល់ជាទឹកសាប ត្រី និងរុក្ខជាតិឱសថ។ តំបន់នេះ ក៏ផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាអង្គការដៃគូ WWT នឹងបន្តជួយគំាទ្រទំាងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនៅតំបន់នេះបន្តទៀត។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំនៅកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា ទីជម្រកព្រៃលិចទឹក វាលស្មៅ និងតំបន់ដីសើមនៅនេះ ផ្តល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានក្នុងការគំាទ្រជីវភាពប្រជាសហគមន៍ សត្វព្រៃ និងធនធានជីវៈចម្រុះ។ ការរកឃើញសម្បុកពងកូនសត្វចង្កៀលខ្យងនេះ ជាភស្តុតាងយ៉ាងច្បាស់ថាតំបន់ដីសើមនេះមិនត្រឹមតែសំខាន់សម្រាប់សត្វក្រៀលប៉ុណ្ណោះទេ តែវាក៏មានសក្តានុពលសម្រាប់សត្វស្លាបជាច្រើនប្រភេទទៀត។ ដើម្បីរក្សាតម្លៃជាសកលនៃតំបន់ដីសើនេះ អង្គការBirdLife សូមសំណូមពរដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាការទន្រ្ទានយកដី ការរំខាន និងការបំពុលជាដើម ហើយជាពិសេសពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រង។
លោក ស្រី ស៊ុនលាង ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានមានប្រសាសន៍ថា៖ ការកើនឡើងនូវចំនួនសត្វចង្កៀលខ្យងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ។ ពិតណាស់ការងារការពារ និងអភិរក្សធនធានធម្មជាតិ វាមិនមែនជាបន្ទុករបស់ក្រសួងបរិស្ថានតែម្នាក់នោះទេ គឺវាទាមទារឱ្យការចូលរួមសហការគ្នារវាងអ្នកពាក់ព័ន្ធទំាងអស់ ទើបការអនុវត្តការងារនេះប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
លោក ស្រី ស៊ុនលាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងអង្គការដៃគូ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការខិតខំប្រឹងប្រែងថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់នេះ ហើយខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទំាងអស់បន្តផ្តល់កិច្ចសហការ និងគំាទ្រលើការងារនេះបន្តទៀត ដើម្បីរក្សាការពារ អភិរក្ស និងប្រើប្រាស់ធនធានតំបន់ដីសើមនេះប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពប្រជាជននាពេលបច្ចុប្បន្ន និងក៏ជាអនាគតផងដែរ។ គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅសហការអនុវត្តដោយក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវជាសេនាធិការ អង្គការជីវសត្វស្លាបអន្តរជាតិ(BirdLife) អង្គការ WWT និងអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife)៕
ប្រផព៖ អង្គការBirdLife