មូលហេតុ​នេះហើយ​ទើប​លោក ពូទីន អត់ទាន់ហ៊ាន​អបអរលោក បៃឌិន!

  • 2020-11-10 06:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


ខុសពី​មេដឹកនាំ​ពិភពលោក​មួយចំនួន លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នឹងមិនទាន់ប្រកាស​អបអរសាទរលោក ចូ បៃឌិន ដែលឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះឡើយ ព្រោះលោក​ ពូទីន ត្រូវរង់ចាំលទ្ធផល​ជាផ្លូវការសិន។ នេះបើតាមការបញ្ជាក់​របស់វិមានក្រេមលីន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២០។

លោក Dmitry Peskov អ្នកនាំពាក្យ​វិមានក្រេមលីន បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​យ៉ាង​ដូច្នេះថា៖ «ក្នុងការឆ្លើយនឹង​សំណួរ​អំពី​ការអបអបរសាទរ​របស់លោកពូទីន ជូនចំពោះ​ប្រធានាធិបតី​អាមេរិក​ដែលទើប​ជាប់ឆ្នោត ខ្ញុំ​ចង់​និយាយថា យើង​ពិចារណា​ថា មានតែការរង់ចាំ​លទ្ធផលជាផ្លូវការ»។

កាលពីឆ្នាំ២០១៦ នៅពេល​ដែលដឹងលទ្ធផល​ថា លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតហើយភ្លាម លោក ពូទីន បានផ្ញើសារអបអរសាទរ​ភ្លាមៗ ប៉ុន្តែលើកនេះខុសគ្នា។ បើតាម​លោក Peskov ស្ថានភាព​អាមេរិកបច្ចុប្បន្ន ក្រោយ​ពេល​បោះឆ្នោតនេះ គឺស្មុគ្រស្មាញខ្លាំង ម្លោះហើយអ្វីដែលល្អបំផុត គឺរង់ចាំ​លទ្ធផល​ចេញផ្លូវការតែម្តង។

អ្នក​នាំពាក្យ​រូបនេះ បញ្ជាក់​ថា ប្រធានាធិបតី​រុស្ស៊ី មានឆន្ទៈធ្វើការ​ជាមួយគ្រប់ប្រធានាធិបតី ហើយ​សង្ឃឹម​ថា​នឹង​បង្កើត​កិច្ចសន្ទនា​ជាមួយ​អាមេរិក៕

ប្រភព៖ RT

;