បុរសម្នាក់​ដែលធ្លាប់​ឆ្លងកូវីដនៅនេប៉ាល់ ក៏ស្រាប់តែរកឃើញ​ឆ្លងម្តងទៀត ពេលមកដល់កម្ពុជា

  • 2020-11-25 01:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ឱ្យដឹងនៅព្រឹកនេះថា កម្ពុជា មានករណីឆ្លងកូវីដ១៩ថ្មីម្នាក់​ដែល​ជាជនជាតិនេប៉ាល់ ធ្វើដំណើរ​មកពី​នេប៉ាល់ ទៅដូហា បន្តជើងហោះហើរ​នៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២០។

អ្នកដំណើររូបនេះ ធ្លាប់មានវិជ្ជមាន​កូវីដ១៩ កាលពីនៅប្រទេសនេប៉ាល់ រួចមកហើយកាលពីថ្ងៃទី១៩ តុលា ២០២០។ មកដល់​ថ្ងៃទី២ និងទី ៨ វិច្ឆិកា ២០២០ គាត់​ត្រូវបានធ្វើតេស្តឡើងវិញ ដោយ​ទទួលបានលទ្ធផល​អវិជ្ជមានទាំងពីរលើក។

ថ្ងៃដែលបានមកដល់កម្ពុជា គាត់​បានធ្វើតេស្ត​ដោយទទួលបាន​លទ្ធផលអវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា ២០២០ ហើយត្រូវបាន​ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ​ក្នុងរាជធានីភ្នំពេញ ដោយរូបគាត់​ជាបុគ្គលិក​អង្គការ​អន្តរជាតិ​មួយ។ លទ្ធផល​តេស្ត​នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់​គាត់ ត្រូវនឹង​ថ្ងៃទី២៤ ខែវិច្ឆិកា ២០២០ គឺវិជ្ជមានកូវីដ១៩។

គិតមកត្រឹមថ្ងៃទី២៥វិច្ឆិកានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ៣០៧នាក់ ក្នុងនោះជាសះស្បើយ ២៩៨នាក់៕

អត្ថបទថ្មី
;