លក្ខណៈពិសេសរបស់​វ៉ាក់សាំងកូវីដ​អង់គ្លេស​មួយ​នេះ វាយ​លុក​ទីផ្សារ​យ៉ាង​ងាយស្រួល​បំផុត

  • 2020-11-26 09:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើទោះ​បីជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់​ក្រុមហ៊ុនអាមេរិក និង​ក្រុមហ៊ុនរុស្ស៊ី ត្រូវបានធ្វើតេស្តរកឃើញ​ថាមានប្រសិទ្ធភាពខ្ពស់​ដល់ ៩៥% ហើយ​វ៉ាក់សាំងរបស់​ក្រុមហ៊ុនអង់គ្លេស មានប្រសិទ្ធភាព​ត្រឹម ៧០%ក៏ដោយ តែលក្ខណៈពិសេសដ៏ចម្បងបំផុតមួយរបស់​វ៉ាក់សាំងអង់គ្លេស គឺ​ការងាយស្រួលរក្សាទុក និងដឹកជញ្ជូន អាច​ជាមុខសញ្ញានៃការបញ្ជាទិញ​ច្រើន​ពីប្រទេសនានា​ក្នុងពិភពលោក។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន​អាមេរិក Moderna និង Pfizer ដើម្បីធានាគុណភាព​គឺចាំបាច់​ត្រូវរក្សាទុក​ក្នុង​កម្រិត​សីតុណ្ហភាពត្រជាក់​ខ្លាំងបំផុត ពី -២០ ទៅ -៨០អង្សារសេ ដែល​មានការពិបាក​ខ្លាំងណាស់ ពោលគឺ​ត្រូវការបច្ចេកទេសរក្សាទុកខ្ពស់​យ៉ាងហ្មត់ចត់ជាទីបំផុត ហើយ​នឹងឧបសគ្គនៃការដឹកជញ្ជូន។

ចំណែក​វ៉ាក់សាំង​ Sputnik V របស់​រុស្ស៊ី ត្រូវតែរក្សា​ទុក​ក្នុងសីតុណ្ហភាព -៧០អង្សារសេ ដែលនេះ​ ជាឧបសគ្គដ៏ធំមួយ ជាពិសេសក្នុង​ប្រទេសរុស្ស៊ី​នេះតែម្តង ព្រោះត្រូវដឹកជញ្ជូនសែនឆ្ងាយ​ទៅកាន់តំបន់ដាច់​ស្រយាល។

ផ្ទុយពីវ៉ាក់សាំងខាងលើ វ៉ាក់សាំង​របស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែល​សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford គឺ​អាចរក្សាទុក​ក្នុងកម្រិតសីតុណ្ហភាពពី ២ ទៅ ៨អង្សារសេ ពោលគឺ​ដាក់តែក្នុងទូរទឹកកកធម្មតាក៏បានដែរ បង្ក​លក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនបានលឿន ហើយ​ចំណាយលើការ​ទុកដាក់តិចទៀតផង។

លើសពីនេះទៅទៀត ការផលិត​វ៉ាក់សាំងរបស់​ក្រុមហ៊ុនអង់គ្លេសនេះ គឺ​មិនស្វែងរក​ប្រាក់ចំណេញក្រាស់ក្រែល​ក្នុងអំឡុងមានជំងឺរាតត្បាតនោះទេ ពោលគឺ​វានឹងមានតម្លៃថោក។ ក្រុមហ៊ុននេះ បាន​ចុះ​កិច្ចព្រមព្រៀងជាមួយប្រទេស​មួយចំនួន និង​ស្ថាប័នសុខភាព​ធំៗ ដោយ​លក់ឱ្យក្នុងតម្លៃត្រឹម ២,៥ដុល្លារប៉ុណ្ណោះក្នុងមួយដូស។ ចំណែក​វ៉ាក់សាំងរបស់​អាមេរិក មានតម្លៃចាប់ពី ២០ដុល្លារឡើងក្នុងមួយដូស ខណៈវ៉ាក់សាំងរុស្ស៊ី មានតម្លៃ ១៣ដុល្លារក្នុងមួយដូស៕

ប្រភព៖ Indian Express

អត្ថបទថ្មី
;