រកឃើញ​វត្ថុបុរាណ​ក្នុងសម័យអង្គរ ពេល​ធ្វើកំណាយ​ស្រាវជ្រាវ

  • 2020-11-28 01:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នក​ស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បានធ្វើកំណាយស្រាវជ្រាវនៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដែលមានទីតាំងនៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ បានប្រទះឃើញឡដុតកុលាលភាជន៍បុរាណមួយ ដែលតាមការសន្និដ្ឋានបឋមប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។

លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនិងជាប្រធានក្រុមកំណាយបានឱ្យដឹងថា ការជ្រើសរើសទីតាំងធ្វើកំណាយនៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថាទួលនេះជាកន្លែងផលិតភាជន៍សម័យបុរាណមែនឬអត់ ព្រោះកន្លងមកមានអ្នកស្រាវជ្រាវមួយចំនួនប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើនរាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំងនៅផ្នែកខាងលិចក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ។

គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈការធ្វើកំណាយ យើងក៏បានឃើញជញ្ជាំងឡនិងភាជន៍ភាគច្រើនជារបស់ប្រើប្រចាំថ្ងៃមាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ។ បន្ទាប់ពីកំណាយរួច យើងនឹងសុំគោលការណ៍សិក្សាស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនានិងការសិក្សារបស់អ្នកស្រាវជ្រាវផង។

លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានីភ័យដល់សំណង់បុរាណនិងវត្ថុបុរាណដែលប្រទះឃើញនៅក្នុងរណ្តៅ ដោយបែងចែកជាក្រឡាដើម្បីងាយស្រួលប្រមូលទិន្នន័យ ថតរូបរចនាសម្ពន្ធនៃទីតាំងវត្ថុបុរាណ ការប្រើប្រាស់ឧបករណ៍តូចៗ និងអាចគ្រប់គ្រងរចនាសម្ពន្ធឡបានល្អ។ លក្ខណៈរចនាសម្ពន្ធឡដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ព្រោះរូបរាង រចនាសម្ពន្ធឡនេះខុសពីឡភាគច្រើននៅតំបន់អង្គរ ដែលធំៗ វែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ ក៏ធ្លាប់ឃើញនៅតាមការដ្ឋានកំណាយលើទីតាំងមនុស្សរស់នៅដែរ តែយើងមិនដឹងថាវាមានប្រភពមកពីឡណាទេ។ ដូច្នេះវានឹងក្លាយជាភស្តុតាងខ្លះៗសម្រាប់ការស្រាវជ្រាវរកប្រភពនៃឡនិងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាច្បាស់លាស់។

លោក ឆាយ រចនា ប្រធានការិយាល័យអង្គរភាពកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរក៏បានបញ្ជាក់ដែរថា ខណៈនេះយើងមិនទាន់ដឹងរូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់ឧស មានអង្កត់ផ្ចិតត្រឹម៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ពន្ធឡដីឆ្នាំងនេះពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។ ចំណែកភាជន៍នៅទីនេះក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើនគឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។ តាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន៕

អត្ថបទថ្មី
;