ម្ចាស់បទដ៏កម្សត់ បានស្លាប់ ២ឆ្នាំហើយ តែបទចម្រៀងកំពុងល្បីខ្លាំងនៅលើ Tik Tok
- 2020-12-21 03:28:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 1
ម្ចាស់បទដ៏កម្សត់ បានស្លាប់ ២ឆ្នាំហើយ តែបទចម្រៀងកំពុងល្បីខ្លាំងនៅលើ Tik Tok
ចន្លោះមិនឃើញ
អ្នកនាង តាក់ ចន្ធី គឺជាតារាចម្រៀងល្បីមួយរូបក្នុងប្រភេទបទចម្រៀងចង្វាក់ រ៉ុកខេនរ៉ូល ប៉ុន្តែគួរឲ្យស្ដាយ តារាចម្រៀងដែលមានប្រវត្តិកម្សត់ បានបាត់បង់ជីវិតអស់រយៈពេលប្រមាណ ២ឆ្នាំហើយ ដោយបន្សល់តែបទចម្រៀងជាច្រើន ដែលក្នុងចំណោមនោះ មានខ្លះ បាន និងកំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គម Tik Tok។
បទចម្រៀងរបស់អ្នកនាង តាក់ ចន្ធី ដែលប្រិយមិត្តនៅលើបណ្ដាញសង្គមរបស់ចិន យកមកដាក់ជាចម្រៀង Background របស់ពួកគេជាហូរហែនោះ គឺបទ "យប់នេះ ខ្ញុំចង់ញុំាស្រា" ដែលគេឃើញអ្នកនៅលើបណ្ដាញមួយនេះ មិនតិចឡើយ យកមកធ្វើជាវីដេអូកម្សាន្តរបស់ពួកគេ។ មិនត្រឹមតែប្រិយមិត្តនៅលើ Tik Tok ទេ ដែលយកបទនេះយកមកធ្វើវីដេអូកម្សាន្ត ប៉ុន្តែក៏មានប្រិយមិត្តខាងក្រៅបណ្ដាញពេញនិយមមួយនេះជាច្រើន ក៏បានច្រៀង Cover បទនេះដែរ។
នៅក្នុងចំណោមនោះ មានទាំងតារាចម្រៀងខ្លះផង បានយកមក Cover ហើយទទួលបានការលើកសរសើរជាច្រើន។ ប្រិយមិត្តទាំងឡាយសរសើរថា បទនេះមានចង្វាក់ភ្លេង ប្លែក ពីរោះ គួរឲ្យចង់ស្ដាប់ ជាហេតុធ្វើឲ្យបទនេះនៅតែរស់រវើក បើទោះជាម្ចាស់បទបានលាចាកលោកនេះយូរហើយក៏ដោយ។
អ្នកនាង តាក់ ចន្ធី បានបាត់បង់ជីវិតគួរឲ្យសោកស្ដាយ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ មីនា ២០១៨។ នៅក្នុងហេតុការណ៍នោះ ដំបូងឡើយគេបានដឹងថា តារាចម្រៀងខ្មែរអ្នកនាង តាក់ ចន្ធី បានធ្វើដំណើតាមម៉ូតូកង់បី pass app មកដល់ស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏មានរថយន្តម៉ាក ព្រុសមួយគ្រឿងជិះឡើងលឿនមកបុកម៉ូតូកង់បីដែលមានអ្នកនាង តាក់ ចន្ធី ជិះលើនោះ បណ្តាលអ្នកនាង មានគ្រោះថ្នាក់ធ្ងន់រហូតដល់ស្លាប់។
អ្នកនាង តាក់ ចន្ធី គឺជាតារាចម្រៀងរ៉ុកឃែនរ៉ូលពេញនិយមម្នាក់ ក្នុងនោះបើទោះបី ក្នុងស្រុក មិនសូវមានអ្នកស្គាល់ច្រើន ប៉ុន្តែអ្នកនាងមានការពេញនិយមខ្លាំងនៅបរទេស ពិសេសប្រទេសបារាំង ដែលអ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវអន្តរជាតិ ហើយនោះ ជាហេតុដែលអ្នកនាងជារឿយៗ ត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញាប់។ យ៉ាងណា តាមព័ត៌មាន អ្នកនាង ជាតារាមួយរូបដែលមានជីវភាពក្រីក្រតស៊ូក្នុងជីវិតលំបាកបំផុត។ អ្នកនាង រស់នៅក្នុងផ្ទះជួលមួយកន្លែង និងមាននាទីជាម្ដាយ ជាមេគ្រួសាររ៉ាប់រងបន្ទុកដែលមានគ្នារហូតដល់៨ឯណោះ កាលពីនៅរស់។
មកទល់បច្ចុប្បន្ន គេមិនទាន់ដឹងនៅឡើយថា សាច់ញាតិទាំង៨របស់តារាចម្រៀងកម្សត់ មានស្ថានភាពជីវិតបែបណានៅឡើយ៕
បទ "យប់នេះ ខ្ញុំចង់ញុំាស្រា" ដែលល្បីលើ Tik Tok
វីដេអូចុងក្រោយពីសកម្មភាពរបស់អ្នកនាង តាក់ ចន្ធី ថតដោយក្រុមការងារ Sabay