បច្ចេកទេសសាងសង់! លោក​ ស៊ុន ចាន់ថុល ថា​ចង់ឃើញ​កូនខ្មែរ​ជំនាន់នេះ មានសមត្ថភាព​ដូចខ្មែរ​សម័យ​មុន

  • 2021-01-13 01:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានថ្លែង​ថា​ លោកចង់ឃើញកូនខ្មែរយើងជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសខ្មែរ​សម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញពាសពេញសកលលោកទៀតផង។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃការ​យោគយល់រវាងរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១។

លោក​បានមានប្រសាសន៍ថា៖ នេះគឺជាប្រវត្តិសាស្ត្រ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។

លោក​ទេសរដ្ឋមន្ត្រី បានសម្តែងមោទនភាពប្រកបដោយទំនុកចិត្តថានិស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព និងគុណភាពខ្ពស់ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។

បើតាម​លោក ស៊ុន ចាន់ថុល ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា នឹងជ្រើសរើសនិស្សិតចំនួន ២០០នាក់ ដើម្បីសិក្សានៅវិទ្យសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងទាំងពីរកំពុងពិភាក្សាលើថ្លៃសិក្សា ឬការផ្ដល់អាហារូបករណ៍។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំប្រឹងប្រែងស្វែងរកមូលនិធិនានាពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់អាហារូបករណ៍ជូននិស្សិតដែលជួបការលំបាក ប៉ុន្តែមានសមត្ថភាព និងមហិច្ឆតាចង់សិក្សាជំនាញនេះ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

«យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ ប៉ុន្តែកូនខ្មែរទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួច ក្នុងការយកចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិនៃយើងឱ្យកាន់តែរីកច្រើនរុងរឿង ប្រកបដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក»។ នេះជាការលើកឡើងបន្ថែមរបស់​រដ្ឋមន្រ្តីសាធារណការ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;