កោះព្រហ្មចារីយ៍ខេត្តក្រចេះ ជាសហគមន៍ទេសចរថ្មី ដែលភ្ញៀងមិនគួរមើលរំលង
- 2021-01-30 02:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះព្រហ្មចារីយ៍ខេត្តក្រចេះ ជាសហគមន៍ទេសចរថ្មី ដែលភ្ញៀងមិនគួរមើលរំលង
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រជាសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ រួមគ្នាថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គឱ្យបានគង់វង្សតទៅមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយលោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សត្វផ្សោតប្រៀបដូចជាប្រាសាទអង្គរទីពីរយ៉ាងដូច្នេះដែរ។ ការថ្លែងនេះធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយប្រមាណ នាក់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
សហគមន៍កោះព្រហ្មចារីយ៍ ជាសហគមន៍អេកូទេសរណ៍ថ្មីមួយនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ សហគមន៍នេះទើបតែត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងចំណោមខេត្តដទៃនៅតំបន់ភូមិភាគឦសាន ពិសេសគឺមានសក្ដានុពលអេកូទេសចរណ៍ដ៏សម្បូរបែប ពិសេសគឺមានសត្វផ្សោតដែលជាសត្វដ៏កម្រនៅលើពិភពលោក។
លោកបន្តថា ភ្ញៀវអន្តរជាតិភាគច្រើន គឺចង់មកទស្សនាសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា។ សម្រាប់ខេត្តក្រចេះ ក៏ដូចជាខេត្តស្ទឹងត្រែង សត្វផ្សោតគឺប្រៀបដូចជាប្រាសាទអង្គរវត្តទីពីរយ៉ាងដូច្នេះដែរ ដែលនៅលើពិភពលោកសត្វប្រភេទនេះបានផុតពូជសឹងតែអស់ហើយ ប៉ុន្តែមានសក្ដានុពលដ៏មានភាពទាក់ទាញ និងមានគុណតម្លៃដ៏ធំមហាសាលសម្រាប់វិស័យទេសចរណ៍ជាតិ។
នៅពេលប្រជាពលរដ្ឋថែរក្សាសត្វផ្សោតបានរស់នៅគង់វង្សហើយ ប្រជាពលរដ្ឋអាចងាកមកប្រកបមុខរបរបម្រើសេវាកម្មជូនភ្ញៀវទេសចរ នោះប្រជាពលរដ្ឋនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនពីវិស័យទេសចរណ៍ និងការចូលរួមអភិរក្សសត្វផ្សោត និងសត្វព្រៃដទៃ ពិសេសគឺទទួលបានប្រាក់ចំណូលច្រើនជាងការនេសាទ ជាងការកាប់ព្រៃឈើ ឬការបរបាញ់សត្វនោះទៅទៀត។
លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តក្រចេះជួយសម្រួលការចរចាជាមួយរមណីដ្ឋានអន្លង់ផ្សោតកាំពី ដើម្បីមានភ្ញៀវមួយចំនួនចង់មកទស្សនាសហគមន៍ ដោយភ្ជាប់ខ្សែរទស្សនកិច្ចពីរមណីដ្ឋានអន្លង់ផ្សោតកាំពី ហើយសូមឱ្យមានការទំនាក់ទំនងជាមួយសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានកម្រៃពីការបម្រើសេវាកម្មជូនភ្ញៀវទេសចរ។
សូមជម្រាបថា សហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនេះ សម្បូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីន រួមមាន៖ ព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ (ពិសេសគឺសត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គដ៏កម្រក៏ស្ថិតនៅតំបន់នេះផងដែរ។ នៅទីនេះទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទន្សនាសត្វស្លាប សម្រាកលម្ហែ ងូតទឹកកម្សាន្ត និងពិសាអាហារនៅតាមកោះស្អាតៗជាច្រើន។ សហគមន៍ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅតាមផ្ទះស្នាក់សហគមន៍ផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍