ក្រសួង​ទិញ​កាមេរ៉ាចាប់ល្បឿន ​ហើយ​ត្រៀម​កាត់ពិន្ទុ​អ្នកល្មើសចរាចរណ៍ឈានដល់ការ​ដកហូតបណ្ណបើកបរ

  • 2021-02-05 02:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​ថ្លែងឱ្យដឹង​ថា ដើម្បី​ទប់ស្កាត់​ការបើកបរ​លើសល្បឿន​កំណត់​ដោយច្បាប់ ក្រសួង​បានទិញ​កាមេរ៉ាចាប់ល្បឿន និងបាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ល្បាត ពេលយប់​សំដៅ​ទប់ស្កាត់​ការបើកបរ​លើសល្បឿន​កំណត់ និងដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់​ដោយច្បាប់។ ការថ្លែងនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ២០២០ និង​ទិសដៅការងារឆ្នាំ២០២១ ​កាលពី​ថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ជាងនេះទៀត លោក​ទេសរដ្ឋមន្ត្រី​បានបន្ថែម​ថា ក្រសួង​ក៏ដូចជា​អនុគណៈកម្មការទី១ បាន​សហការ​ជាមួយអនុគណៈកម្មការផ្សេងៗទៀត ព្រមទាំងក្រសួង-ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍ បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ និងធ្វើទំនើបកម្មទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

លោក​ ស៊ុន ចាន់ថុល បានបន្តថា ក្រសួងបាន​ដឹកនាំ​សាងសង់ផ្លូវថ្មី ផ្លូវ​ល្បឿនលឿន ពង្រីក និងលើក​កម្ពស់គុណភាព​ផ្លូវ ជួសជុល​ថែទាំ​ផ្លូវខូចខាត កែ​លម្អកន្លែង​ជើងកប បំពាក់​ភ្លើងសញ្ញា គំនូសសញ្ញា ផ្លាកសញ្ញា ចំណាំងផ្លាត ចែកមួកសុវត្ថិភាព ប្រគល់ឧបករណ៍ត្រួតពិនិត្យល្បឿនដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លុបបំបាត់យានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម។

ដោយឡែក ក្រសួង​ក៏បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមរយៈការចុះផ្ទាល់តាមមូលដ្ឋាន រៀបចំស្ពតវីដេអូ និងស្ពតអប់រំខ្លីៗទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរ បណ្ដុះបណ្ដាលដល់បុគ្គលិកក្រុមហ៊ុន ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកសាលាបង្រៀនបើកបរ យានយន្តធុនធ្ងន់ ដែលជាក់ស្ដែងសាលានេះត្រូវសម្ពោធបើកឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ក្រសួងនឹងជំរុញការដឹកជញ្ជូនតាមផ្លូវដែក បន្តយុទ្ធនាការចុះអប់រំច្បាប់ចរាចរណ៍ដល់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរ ចែកមួកសុវត្ថិភាព ស្ទីកឃ័រចំណាំងផ្លាត បំពាក់កាមេរ៉ាតាមដងផ្លូវនិងស្ពាន ជំរុញដឹកជញ្ជូនតាមផ្លូវដែក សិក្សានិងរៀបចំវិធានការបំពាក់ប្រព័ន្ធ GPS តាមដានរថយន្តដឹកទំនិញផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបាន​នឹងកំពុងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាដើម្បីកត់ត្រា និងកាត់ពិន្ទុចំពោះអ្នកបើកបរបំពានច្បាប់ចរាចរណ៍ និងឈានទៅដកបណ្ណបើកបរតែម្ដង ប្រសិនបើអ្នកបើកបរណានៅតែបំពានច្បាប់ចរាចរណ៍ និងអភិវឌ្ឍកម្មវិធីផ្សេងៗទៀតសម្រាប់អបំរំនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ រួមទាំងមតេ្តយ្យសិក្សាផងដែរ៕

អត្ថបទថ្មី
;