ជនជាតិចិនម្នាក់ត្រូវអាជ្ញាធរកម្ពុជាបណ្តេញចេញពីប្រទេសទាក់ទងនឹងរឿងលក់វ៉ាក់សាំងកូវីដ១៩ Sinopharm

  • 2021-02-25 05:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E99812704 ឈ្មោះ Shen Kaidong ត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសបណ្តេញពីប្រទេសកម្ពុជាពាក់ព័ន្ធបទល្មើសប្រព្រឹត្តនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចេញថ្ងៃ២៥ កុម្ភៈ ២០២១នេះ។

ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានភារកិច្ចបណ្តេញជនជាតិចិន ឈ្មោះ Shen Kaidong ចេញពីប្រទេសក្នុងរយៈពេល ៧ថ្ងៃ យ៉ាងយូរគិតចាប់ពីថ្ងៃចេញប្រកាសនេះ។

លោក ជួន ចាន់ភារុណ អគ្គនាយករង និងជាប្រធានអនុគណៈកម្មការតាមដានមាតិកាផ្សាយ និងកំណត់អត្តសញ្ញាណ ក្រសួងព័ត៌មានបានបញ្ជាក់ថាប្រាប់តាមទូរសព្ទថា «ជនជាតិចិន Shen Kaidong ដែលត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសបណ្តេញពីប្រទេសកម្ពុជានេះមានអត្តសញ្ញាបណ្ណជនជាតិខ្មែរមានឈ្មោះ អ៊ុង គង្គា និងជាម្ចាស់អាជីវកម្មកាសែត អង្គរធូដេ(Angkor Today) ដែលបង្កើតតាំងពីឆ្នាំ២០១៥ ដែលមានស្នាក់ការនៅខេត្តសៀមរាប។ ជនជាតិចិនរូបនេះបានបង្កើត ផលិតព័ត៌មានពីការលក់វា៉ក់សាំងកូវីដ Sinopharm ដែលជាជំនួយរបស់ចិនក្នុងតម្លៃ​១២០​ដុល្លារ​ទៅឲ្យជនជាតិចិនប្រមាណជា៦០ម៉ឺននាក់តាមប្រព័ន្ធ WeChat ខណៈដែលនៅប្រទេសចិនវ៉ាក់សាំងកូវីដនេះលក់ក្នុងតម្លៃជាង២០០ដុល្លារ។ ការលក់នេះធ្វើឲ្យមានប្រតិកម្មរិះគន់ពីជនជាតិចិនជាច្រើន ទើបបានជាក្រសួងព័ត៌មានស្រាវជ្រាវ និងស្វែងរកឃើញជនជាតិចិនរូបនេះជាអ្នកប្រព្រឺត្ត»។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានចេញថ្ងៃទី២៥ កុម្ភៈ ២០២១នេះបានបញ្ជាក់ថា ជនជាតិចិនដែលមានឈ្មោះខ្មែរ អ៊ុង គង្គា នេះបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិតធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពភាពច្របូលច្របល់ ចលាចលនៅក្នុងសង្គមដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លោក ជួន ចាន់ភារុណ បញ្ហាក់បន្ថែមថា«ខាងក្រសួងបានទាក់ទង និងប្រាប់ទៅដល់ម្ចាស់អាជីវកម្មកាសែតអង្គរធូដេរូបនេះជាច្រើនលើកច្រើនសារហើយពីការផលិតព័ត៌មាន និងបំភ្លៃការពិតជាពិសេសសរសេរមិនល្អពីទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន តែជននេះមិននៅតែមិនព្រមធ្វើតាម ទើបដល់ថ្ងៃនេះក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសបិទស្ថាប័នកាសែតនេះតែម្តង»៕

រូបថតទាំងអស់៖ FB លោក ជួន ចាន់ភារុណ

អត្ថបទ៖ លន ហ្សាឌីណា

;