ប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នឹងក្លាយជាលក្ខខណ្ខសំខាន់មួយសម្រាប់អ្នកសារព័ត៌មានក្នុងការចូលរួមព្រឹត្តិការណ៍ធំៗនៅកម្ពុជា
- 2021-03-09 10:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នឹងក្លាយជាលក្ខខណ្ខសំខាន់មួយសម្រាប់អ្នកសារព័ត៌មានក្នុងការចូលរួមព្រឹត្តិការណ៍ធំៗនៅកម្ពុជា
ចន្លោះមិនឃើញ
«ដោយសារការប្រមើលមើលពីបញ្ហាទាំងអស់ហើយកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើលិខិតមួយទៅសម្តេចនាយករដ្ឋមន្ត្រីសុំឲ្យអ្នកសារព័ត៌មានទាំងអស់អាចចាក់ជាអាទិភាពនៅវ៉ាក់សាំងការពារកូវីដ-១៩ ដូចនេះខ្ញុំគិតថាជាលក្ខខណ្ឌមួយដែរ សូម្បីតែបណ្តាលប្រទេសមួយចំនួនក៏គេបានពិចារណាអំពីការរៀបចំជា លិខិតឆ្លងដែន សម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងហើយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ។ អីច៊ឹងខ្ញុំគិតថានេះជាលក្ខខណ្ឌដែលសារព័ត៌មានកម្ពុជាទាំងអស់ត្រូវយលចិត្តទុកដាក់ ចង់ ឬមិនចង់ នៅពេលដែលមានលទ្ធភាពក្រោយពីចាក់វ៉ាក់សាំងទៅមានប្រសិទ្ធិខ្ពស់យើងនឹងចាប់ផ្តើមចងលក្ខខណ្ឌនេះសម្រាប់អ្នកសារព័ត៌មានទាំងឡាយគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ធំៗដែលកម្ពុជាគ្រោងនឹងធ្វើដូចជា ASEM ដែលគ្រោងនឹងធ្វើនៅចុងឆ្នាំ២០២១នេះ អីចឹងយើងគិតថាព្រឹត្តិការណ៍ធំមានលក្ខណៈអន្តរជាតិប្រហែលយើងចងភ្ជាប់លក្ខខណ្ឌនេះសម្រាប់អ្នកសារព័ត៌មានទាំងអស់ចូលយកព័ត៌មាន» នេះជាការបញ្ជាក់របស់លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានថ្លែងប្រាប់ Sabay កាលពីចុងសប្តាហ៍មុន។
ក្រៅពីអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ លោក ផុស សុវណ្ណ ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុនៃការយឺតយ៉ាវក្នុងការធ្វើបណ្ណសារព័ត៌មានដល់អ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២១ផងដែរ។ ឯកឧត្តមបញ្ជាក់យ៉ាងដូចច្នេះថា «តាមពិតការយឺតយ៉ាវនេះគឺដោយសារយើងគិតគូរពិចារណាយើងនឹងឲ្យប្រើប្រាស់បណ្ណសារព័ត៌មានចេញដោយអគ្គនាយកដ្ឋាននៅឆ្នាំ២០២១នេះអាចប្រើប្រាស់បាននៅក្នុងព្រឹត្តិការណ៍ដែលកើតឡើងក្នុងឆ្នាំ២០២១តែម្តង»។
សម្រាប់តួលេខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រចាំនៅកម្ពុជាដែលបានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គិតត្រឹមរសៀលថ្ងៃទី៩ មីនា ឆ្នាំ២០២១នេះ លោក ផុស សុវណ្ណ បញ្ជាក់ថា នៅមិនទាន់បានទទួលតួលេខនៅឡើយទេ។ Sabay បានទាក់ទងតាមទូរសព្ទទៅលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស នៅមន្ទីរពេទ្យកុមារជាតិដែលជាកន្លែងទីតាំងរបស់អ្នកសារព័ត៌មានទៅចាក់វ៉ាក់សាំងនោះលោកប្រាប់ថាមិនទាន់បានបូក និងប្រាប់ថាជាប់រវល់។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វ៉ាន់ឌីនមានប្រសាសន៍បញ្ជាក់ខ្លីតាមតេលេក្រាម Dr. OR Vandine Group ថា «យើងមិនមានតម្រូវការរាយការណ៍បែបនេះទេ ព្រោះជាការស្ម័គ្រចិត្ត»។
យោងតាមតួលេខរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ Sinopharm និង COVISHIELD មានចំនួនសរុប ៩១០៣៥នាក់ មានស្ត្រីចំនួន ២៧៣៧៦នាក់។ អ្នកបានចាក់វ៉ាក់សាំងរួចមានចំនួន ៧៧៩៦៣នាក់ មានស្ត្រីចំនួន ២១៧០១នាក់។ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ១៣០៧២នាក់ មានស្ត្រីចំនួន ៥៦៧៥នាក់៕