សត្វស្លាបនៅបឹងស្នេហ៍​ទូលពាន់តាឡី​ បានងាប់ជាបន្តបន្ទាប់ទាំងមិន​ដឹងមូលហេតុ

  • 2021-03-22 10:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុក​បារភ្នំ ខេត្តព្រៃវែង បានគូសបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១​ គឺមានសត្វស្លាបដែលរស់នៅតំបន់បឹងស្នេហ៍ ទួលពាន់តាឡី បានងាប់​ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ។

លោកប្រធានសហគមន៍បានលើកឡើងថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែល​មកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូន​ប្រជា​ពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាម​វាល​ស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារនៅទីនោះ ហើយបានស៊ីរបស់ទាំង​អស់​​នោះ​អាចបណ្ដាលឱ្យពុលស្លាប់ និងមួយទៀត អាចមកពីការប្រែប្រួលអាកាសធាតុ​(ក្តៅខ្លាំង) ។

ទាក់ទងនឹងសត្វនៅ បឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្ដបន្ទាប់នេះដែរ លោក ទេព ភារុន អភិបាលស្រុកបារភ្នំ ខេត្ដព្រៃងបានមានប្រសាសន៍ថា  រដ្ឋបាលស្រុកបាន​ចាត់ឱ្យមន្ត្រីបសុពេទ្យចុះពិនិត្យតាមដានមើលហើយ និងបានរាយការណ៍ជូន មន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថានខេត្ត ឱ្យចុះមកពិនិត្យ រកមូលហេតុ នៃ​ការងាប់សត្វទាំងនោះ។ 

លោកអភិបាលស្រុកបានបន្ដថា បើតាមការកត់សម្គាល់​ឃើញ​សត្វភាគច្រើនចុះមក​ផឹកទឹក ដែលទំនងវាក្តៅពេក ហើយក៏បានជាវាងាប់ ដោយមន្ត្រី​ជំនាញ បានប្រាប់ថា គេនឹងមកចុះពិនិត្យ។ លោកបន្ថែមថា ត្បិតអីយើងមិនដឹងថា សត្វ​ដែលបានងាប់នេះ វាមានមេរោគអ្វីទេ ហើយបារម្ភបំផុតនោះគឺខ្លាច វាមានជំងឺ​ឆ្លង​ពីសត្វ មកមនុស្សថែមទៀតផង។

បើតាមលោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបានឱ្យដឹងថា លោកមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាងម៉េចនោះទេដោយរង់ចាំជំនាញពីក្រសួងបរិស្ថានចុះមកស្រាវជ្រាវ រកមូលហេតុនៃការងាប់របស់សត្វទាំងអស់នេះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនូវការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍២០ កុម្ភៈមក ក្នុងសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡីនេះ ស្ទើរ​តែគ្មានភ្ញៀវទេសចរ ទៅទស្សនា និងមើលសត្វស្លាប នៅក្នុងតំបន់ នោះទេ៕

ប្រភព៖ AKP

អត្ថបទថ្មី
;