តម្រាធ្វើម្ហូបរបស់សែរាជវង្សខ្មែរអាយុ៨០ឆ្នាំត្រូវបានបោះពុម្ពឡើងវិញ
- 2021-06-15 08:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្រាធ្វើម្ហូបរបស់សែរាជវង្សខ្មែរអាយុ៨០ឆ្នាំត្រូវបានបោះពុម្ពឡើងវិញ
ចន្លោះមិនឃើញ
តម្រាភោជនាហារក្នុងរាជវង្សខ្មែរ ឬសៀវភៅរបៀបធ្វើមុខម្ហូបខ្មែរដែលជាព្រះនិពន្ធដោយ សម្តេច ព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌព្រះមាតុច្ឆាព្រះបរមរតនកោដ នរោត្តម សីហនុ ត្រូវបានបោះពុម្ពជាថ្មីជាភាសាខ្មែរ និងអង់គ្លេស រួមគ្នា។
លោក បែណាត ខូហិន បន្តថា អ្នកផ្តើមគំនិតបោះពុម្ពសៀវភៅនេះឡើងវិញគឺលោក គ្រូ វាសនា ដែលជាម្ចាស់ Templation Angkor Resort ខេត្តសៀមរាប ហើយក្រុម Angkor Database គឺជាអ្នករៀបចំដឹកនាំផលិត។
សេចក្តីផ្តើមនៃសៀវភៅ តម្រាភោជនាហារ នេះបានបញ្ជាក់ថា «កាលពី៨០ឆ្នាំមុនសៀវភៅនេះត្រូវបានបោះពុម្ពចេញផ្សាយនៅរាជធានីភ្នំពេញ។ សៀវភៅថតចម្លងមានតែ ២-៣ច្បាប់តែប៉ុណ្ណោះ ដែលសេសសល់បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាម។ ក្រោយមកត្រូវបានធ្វើការកែសម្រួលផ្នែកខ្លះដើម្បីឲ្យកាន់តែច្បាស់ និងងាយស្រួល»។
សៀវភៅ «តម្រាភោជនហារ» ត្រូវបានបោះពុម្ពជាភាសាអង់គ្លេសនៅឆ្នាំ១៩៦០ ហើយនៅអំឡុងឆ្នាំ១៩៧០ សៀវភៅនេះត្រូវបានបោះពុម្ពជាភាសាខ្មែរលើកដំបូងចំនួន ១០០០ច្បាប់នៅក្នុងព្រះរាជព្រឹត្តិប័ត្រ។
លោកស្រី ទាវ បណ្តូល ប្រធានផ្នែកលក់រោមពុម្ព IPML បានបញ្ជាក់ថា «ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានទទួលការងារបោះពុម្ពសៀវភៅ «តម្រាភោជនហារ» ដែលជាព្រះនិពន្ធដោយសម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ។ ការងារនេះពួកយើងធ្វើការម៉ត់ចត់ណាស់ យើងចំណាយពេលជាច្រើនខែដើម្បីជួបពិភាក្សាគ្នាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យសៀវភៅនេះមានគុណភាពសមស្របនឹងគុណតម្លៃនៃសៀវភៅនេះ។ ពួកយើងចំណាយពេលរហូតដល់ជិត៤ខែទើបការងារការបោះពុម្ពសៀវភៅនេះបានសម្រេច»។
លោកស្រី សុខ សម្ជស្សផល្លីកា ប្រធានគម្រោងរបស់ក្រុមហ៊ុន Sabay Digital Plus បានបញ្ជាក់ថា៖ «ខ្ញុំគិតថាសៀវភៅ «តម្រាភោជនហារ» នេះគឺជាសៀវភៅមួយល្អ នៅក្នុងសៀវភៅនេះមានមុខម្ហូបជាច្រើនដែលខ្មែរយើងអត់បានដឹង និងធ្វើ ហើយមានមុខម្ហូបខ្លះយើងមិនដែលដឹង ឃើញ និងមានគ្រឿងផ្សំខ្លះប្លែក ហើយយើងមិនដឹងថាអាចធ្វើជាម្ហូបបានទៀតផង។ យើងទទួលសិទ្ធិក្នុងការយកសៀវភៅនេះមកលក់គឺជារឿងល្អមួយដោយសារយើងបានចូលរួមផ្សព្វផ្សាយពីចំណេះដឹងមុខម្ហូបរបស់ខ្មែរដែលបាត់ទៅយូរហើយ ហើយក៏អាចឲ្យប្រជាជនទូទៅអាចដឹង ស្គាល់ ឬអាចធ្វើបានម្ហូបបែបរាជវង្ស»។
សៀវភៅ «តម្រាភោជនហារ» មានកម្រាស់ជិត ២០០ទំព័រនេះ បោះពុម្ពជាថ្មីរួចរាល់ គឺមានចំនួន ៥០០០ច្បាប់។ សម្រាប់អ្នកមានបំណងចង់ជាវសៀវភៅ «តម្រាភោជនហារ» ដែលជាព្រះនិពន្ធដោយសម្តេច ព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ សូមចុចតំណនេះ សៀវភៅ «តម្រាភោជនហារ» ។ សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅនេះនឹងផ្តល់ទៅមូលនិធិស្ត្រីរស្មីសោភ័ណ្ឌ ដែលជាមូលនិធិគាំទ្រ និងលើកកម្ពស់ស្ត្រីខ្មែរតាមរយៈសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ៕