ផ្លូវជាតិ​លេខ៣ បំពាក់​កាមេរ៉ា ១៤កន្លែងហើយ នឹង​ថែមទាំងមាន​បង្កប់​ជញ្ជីងថ្លឹងទម្ងន់ក្រោមដីទៀត

  • 2021-06-23 01:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២១ បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិលេខ៣ បង្កប់ជញ្ជីងថ្លឹងទម្ងន់ក្រោមដី ដែលអនុញ្ញាត​ឱ្យដឹងទាំងល្បឿន ដឹងទាំងទម្ងន់ឡាន ហើយកាមេរ៉ាចាប់បានទាំងផ្លាកលេខឡាន ដើម្បីថែរក្សាផ្លូវនេះឱ្យបានយូរអង្វែង ដូចដែលក្រសួងធ្លាប់បានអនុវត្តការសាកល្បងបានជោគជ័យនូវជញ្ជីងប្រភេទ នេះនៅឯស្ថានីយថ្លឹងយានយន្តព្រែកឯងកន្លងមក។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ កន្លងមក ក្រសួងបានចាត់វិធានការ ដូចភ្លៀងរលឹម រួមមានការបង្កើតក្រុមការងារជញ្ជីងចល័តនៅតាមផ្លូវជាតិធំៗផងដែរ ដោយក្នុងនោះបាន ផាកពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់បានប្រមាណជាង១០០គ្រឿង និងបានឃាត់យានយន្តទុករយៈពេល១ឆ្នាំ។

លោក​បន្ថែមថា ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និង គ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០% ហើយ។ កំណាត់ចោមចៅ-បែកគូស-កំពតនេះ ត្រូវបានបែងចែកជា២ផ្នែក៖

  • គីឡូម៉ែត្រ០+០០០ (ចោមចៅ) ដល់គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស)៖ មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវសាងសង់ពង្រីកទទឹងតួផ្លូវ រហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។

  • គីឡូម៉ែត្រ៦៩+៩០០ (បែកគូស) ដល់គីឡូម៉ែត្រ១៣៤+៧៩៦ (ទីរួមខេត្តកំពត)៖ ប្រវែង ៦៤,៨៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;