ផ្លូវជាតិលេខ១១ ភ្ជាប់ព្រៃវែង-កំពង់ចាម ដែល​ប្រើប្រាស់​កម្មករ ១១០០នាក់ ត្រូវបាន​ទទួលស្គាល់​គុណភាព

  • 2021-07-16 01:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។ នេះបើតាមការប្រកាស​របស់​ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ កក្កដា ២០២១។

ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ក្នុងរយៈពេលនៃការសាងសង់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ លោក​ធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។

រដ្ឋាភិបាលចិនបានផ្តល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្ប​ទាន​សម្បទាន។

​សូមជម្រាប​ថា ផ្លូវជាតិ​លេខ១១ ប្រវែង​៩៦គីឡូម៉ែត្រ តភ្ជាប់រវាង​ខេត្តព្រៃវែងត្រង់​ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង)។ ក្នុងនោះ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុង ព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

ផ្លូវនេះ​សាងសង់ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨ ៣៨៨ ០០០ ដុល្លារ​អាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ដោយបើកការសាងសង់​គិតចាប់​ពីខែធ្នូ ឆ្នាំ​២០១៧៕

អត្ថបទថ្មី
;