អត្ថន័យរូបសំណាកនិម្មិតសញ្ញាខេត្តកំពង់ធំ ខេត្តនៅចំកណ្តាលប្រទេសកម្ពុជា

  • 2021-07-20 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបសំណាកនេះ ចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០២០ និងបានតម្លើងនៅគល់ស្ពានកំពង់ធំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ រូបសំណាកនេះ ធ្វើឡើងអំពីថ្មភក់មួយដុំធំឆ្លាក់ចេញជារូបនិម្មិតសញ្ញាផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ធំ។ រូបសំណាកនេះមានកម្ពស់ ៤ម៉ែត្រ ទទឹង ២ម៉ែត្រ, ជើងទម្រ ១,៦ម៉ែត្រ បណ្តោយ ៥ម៉ែត្រ និងខឿនក្រោមបង្អស់មានកម្ពស់ ០,៦ម៉ែត្រ បណ្តោយ ៦ម៉ែត្រ។ ដូច្នេះ សរុបទាំងខឿនក្រោម ជើងទម្រ និងរូបសំណាក មានកម្ពស់សរុប ៦,២ម៉ែត្រ។

រូបសំណាកនិម្មិតសញ្ញាខេត្តកំពង់ធំ
នៅលើនិម្មិតសញ្ញាសម្គាល់រដ្ឋបាលខេត្តកំពង់ធំ រំលេចដោយរូបភាពចំនួន ៥ យ៉ាង រួមមាន រូបប្រាសាទយាយព័ន្ធ រូបបដិមាតោ រូបសំណាកដំរីជាន់ខ្លា រូបកួរស្រូវ និងរូបព្រៃឈើ។ រូបទាំង៥នេះសុទ្ធសឹងជាភោគផលដែលមាននៅក្នុងខេត្តកំពង់ធំផ្ទាល់ ហើយប្រកបដោយអត្ថន័យជ្រាលជហរៅបំផុត។ អត្ថន័យរូបទាំង៥នេះមានដូចខាងក្រោម៖

១. រូបប្រាសាទយាយព័ន្ធ៖ គឺជារូបតួប៉មប្រាសាទមួយដែលស្ថិតនៅក្រុមប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលសាងឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ស្ថិតក្នុងរចនាបថសំបូរព្រៃគុក ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ ដែលជាតួប៉មតម្កល់សិវលិង្គមួយមានព្រះនាមថា "ស្រីប្រហសិតេស្វរ" ប្រែថា "ព្រះសិវញញឹម"។ ការដាក់រូបប្រាសាទនេះឡើង តំណាងឲ្យភាពរុងរឿងនៃការគោរពព្រហ្មញ្ញសាសនារបស់ខ្មែរកាលពីស.វ.ទី៧ ដែលមានវត្តមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនៃទឹកដីខេត្តកំពង់ធំ និងជាមត៌កបេយិកភណ្ឌពិភពលោកដ៏អស្ចារ្យនៅកម្ពុជា។ ព្រមទាំងតំណាងឲ្យវប្បធម៌ អារ្យធម៌ដ៏ផូរផង់នៅទឹកដីខេត្តកំពង់ធំ។

២. រូបបដិមាតោ៖ គឺជារូបបដិមាតោដាក់នៅខាងមុខតួប៉មកណ្តាលនៃក្រុមប្រាសាទតោ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក សាងឡើងនៅចុងស.វ.ទី៨ ដើមស.វ.ទី៩ ក្នុងរចនាបថគូលែ ហើយគេចាត់ទុកថាជាបដិមាតោសម័យដំបូងៗដែលពិសេសជាងគេក្នុងសិល្ប:ខ្មែរ។ បដិមាតោនៅក្នុងនិម្មិតសញ្ញាសម្គាល់រដ្ឋបាលខេត្តកំពង់ធំ តំណាងឲ្យភាពអង់អាចក្លាហាន ភាពឧត្តុងឧត្តម នៃសិល្ប:ខ្មែរដ៏រស់រវើកលេចឡើងនៅក្នុងទឹកដីខេត្តកំពង់ធំតាំងពីសម័យបុរាណ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំក្នុងពិធីក្រុងពាលីតម្លើងរូបសំណាកនាព្រឹកថ្ងៃអង្គារ ទី២០ កក្កដា ២០២១ នេះ

៣. រូបដំរីជាន់ខ្លា៖ គឺជារូបសំណាកសម្គាល់ខេត្តកំពង់ធំកាលពីសម័យសង្គមរាស្រ្តនិយម ក្នុងទសវត្សរ៍១៩៦០ ដែលតំណាងឲ្យភាពសម្បូណ៌បែបនៃធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ និងតំណាងឲ្យស្នាដៃអក្សរសិល្ប៍ដ៏ពិសិដ្ឋរបស់ខ្មែរ គឺរឿងរាមកេរ្តិ៍។

៤. រូបកួរស្រូវ៖ តំណាងឲ្យភាពរីកចម្រើន ភាពរុងរឿងនៃវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ជាពិសេសគឺដំណាំស្រូវតែម្តង ដែលមានផ្ទៃដីដាំដុះសរុប ២៨៩.៥៦១ហិចតា (ស្រូវវស្សាមាន ២១៣.៤២៦ហិចតា ទទួលទិន្នផលមធ្យម ២.៤៨តោនក្នុងមួយហិចតា, ស្រូវប្រាំងមានចំនួន ៤២.៤៥៦ហិចតា ទទួលទិន្នផលមធ្យម ៤.៣០តោនក្នុងមួយហិចតា) ហើយក៏មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មនិងដំណាំរួមផ្សំជាច្រើនទៀត។

៥. រូបព្រៃឈើ៖ តំណាងឲ្យភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ដែលខេត្តកំពង់ធំគឺជាខេត្តមួយស្ថិតនៅជាប់នឹងតំបន់ព្រៃឡង់ ដែលជាជម្រុកព្រៃឈើយ៉ាងសំខាន់មួយនៅកម្ពុជា។

ចំណែកជើងទម្រនៅខាងក្រោមរូបសំណាក គេធ្វើឡើងអំពីថ្មភ្មំមួយផ្ទាំងដូចគ្នា ដែលនៅផ្នែកខាងលើគេឆ្លាក់ជាក្បាច់សន្លឹកឈើធំៗតម្រៀបជួរគ្នា ហើយខាងក្នុងតូច ខាងក្រៅធំ។ ក្បាច់សន្លឹកឈើនេះយកលំនាំតាមក្បាច់នៅលើផ្តែរទ្វារតួប៉មកណ្តាលប្រាសាទតោ នៃតំបន់ប្រាសាទសំបូរព្រៃគុក ពោលគឺជាសិល្ប:ដ៏វិចិត្របំផុតរបស់ខ្មែរនាសម័យចេនឡា។ ខាងក្រោមក្បាច់សន្លឹកធំៗ មានក្បាច់សន្លឹកតូចៗជាច្រើនទៀតដែលគេឆ្លាក់តម្រៀបគ្នាជាជួរ ហើយមានទំហំប៉ុនៗគ្នា។ នៅចំកណ្តាលជើងទម្រមានឆ្លាក់រូបបាតដៃមនុស្សចំនួនពីរទ្រផ្កាឈូករីក ដែលតំណាងឲ្យការរីកចម្រើននៃសមិទ្ធផលថ្មីនានានៅក្នុងខេត្តកំពង់ធំ ដូចជារូបសំណាកវិមានឯករាជ្យ រូបសំណាកលោកតាក្រហមក រូបសំណាកលោកតាអាចារ្យលាក់ រូបសំណាកដាវដែកកំពង់ស្វាយ ជាតឹកតាងស្រាប់ ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃពីថ្នាក់ដឹកនាំខេត្ត។

លោក សុខ លូ អភិបាលខេត្តកំពង់ធំក្នុងពិធីក្រុងពាលីតម្លើងរូបសំណាកនាព្រឹកថ្ងៃអង្គារ ទី២០ កក្កដា ២០២១ នេះ

ក្រៅពីនេះ នៅសងខាងផ្កាឈូក មានចម្លាក់រូបសំណាកម្ខាងពីរៗ ដែលរួមមានរូបសំណាកលោកតាក្រហមក រូបសំណាកអាចារ្យលាក់ រូបសំណាកដាវដែកកំពង់ស្វាយ និងរូបវិមានឯករាជ្យ។ ចម្លាក់នៅលើជើងទម្រដែលមានដៃមនុស្សទ្រផ្កាឈូករីក និងចម្លាក់រូបសំណាកទាំងបួននេះគេឆ្លាក់នៅសងខាងជើងទម្រ៕

ប្រភព៖ ផេកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី, រូបថត៖ រដ្ឋបាលខេត្ត, គំនូរប្លង់៖ លោក ច័ន្ទ វិចិត្រា

អត្ថបទថ្មី
;