ផ្លូវជាតិលេខ៣សង់រួច តែ​ក្រសួងមិន​ទាន់ទទួលយក

  • 2021-07-22 02:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។

ជាលទ្ធផល បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេសសាងសង់រួចមក លោក​រដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងធ្វើការប្រគល់-ទទួលរវាងក្រសួង និងក្រុមហ៊ុនសាងសង់។

សូមជម្រាប​ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;