ប៉ូលិសប្រើតែ App ដកពិន្ទុបណ្ណបើកបរ​មួយ​ គឺអាច​ដឹងកាន់តែច្បាស់​អត្តសញ្ញាណ​តៃកុង និង​លក្ខណៈពិសេស​ច្រើនទៀត

  • 2021-07-22 07:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាប​ថា នៅព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារលើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ។

ជាកិច្ចចាប់ផ្តើម លោក​ទេសរដ្ឋមន្ត្រី បានគោរពរាយការជូន សម្តេចក្រឡាហោម អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។

លោក​ក៏​បានស្នើសុំសម្តេចក្រឡាហោម ពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះ មុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូនមន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះដែល ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងប្រគល់ទទួលឧបករណ៍ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

សម្តេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស។ សម្តេចក្រឡាហោម ស្នើឱ្យក្រសួងសូមឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុ និងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណជន ដែលត្រូវអនុវត្ត ត្រួតពិនិត្យ និងផាកពិន័យ។ សម្តេចក្រឡាហោមក៏បានកើតសរសើរដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំអភិវឌ្ឍកម្មវិធីនេះឡើង និងមន្រ្តីនគរបាលចរាចរណ៍ដែលខិតខំធ្វើការ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;