ភូមិភាគឦសាន ដែលមាន​ខេត្តមណ្ឌលគិរីជាស្នូល នឹងក្លាយ​ជាប៉ូលសេដ្ឋកិច្ចទី៤

  • 2021-08-17 04:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល បានរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)។ តើមានភាពចាំបាច់អ្វីខ្លះ ទើបត្រូវបង្កើតឱ្យមានផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី?

១. ការរៀបចំនិងដាក់ចេញ «ផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» គឺឆ្លុះបញ្ចាំងពីភាពចាំបាច់របស់ខេត្តមណ្ឌលគិរី ក្នុងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។

២. ភាពចាំបាច់នៃការរៀបចំផែនការមេនេះ គឺអាស្រ័យលើចំណុចខ្លាំង របស់ខេត្តមណ្ឌលគិរី រួមមាន៖

  • ទី១៖ លក្ខណៈពិសេសនៃសក្តានុពល និងធនធានទេសចរណ៍ដ៏សម្បូរបែប ជាពិសេសអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដែលមានថាមភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាច្រើនទម្រង់ និងច្រើនប្រភេទ។

  • ទី២៖ ទីតាំងភូមិសាស្រ្ត និងអាកាសធាតុអំណោយផល បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ ក្នុងការជំរុញការអភិវឌ្ឍអន្តរវិស័យគាំទ្រ ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សាកម្ម ឧស្សាហកម្មកែច្នៃ និងអន្តរវិស័យនានា ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់វិស័យសេដ្ឋកិច្ច។

  • ទី៣៖ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការប្រមើលមើលអំពីអនាគត ប្រកបដោយសុទិដ្ឋិនិយមរបស់ខេត្តមណ្ឌលគិរី។

  • និងទី៤៖ ការធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តមណ្ឌលគិរី ដែលជាកត្តាធានាបាននូវទំនុកចិត្តជូនភ្ញៀវទេសចរ និងអ្នកវិនិយោគ។

៣. ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ទាមទារឱ្យមានគិតគូរនូវកត្តាសំខាន់ៗមួយចំនួន រួមមាន៖ ទី១- ប្រព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗ នៅជួបការលំបាក ដែលធ្វើឱ្យការអភិវឌ្ឍគោលដៅទាំងនោះ នៅមិនទាន់មានភាពទូលំទូលាយ, ទី២- ហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យទ្រទ្រង់វិស័យទេសចរណ៍ រួមមានការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់ ការជំរុញផលិតកម្មក្នុងខេត្ត ប្រព័ន្ធទំនាក់ទំនង និងវិស័យពាក់ព័ន្ធនានា នៅមិនទាន់មានភាពល្អប្រសើរពេញលេញ ដែលទាមទារឱ្យមានការវិនិយោគ និងកែលម្អបន្ថែម ប្រកបដោយបច្ចេកវិទ្យា និងនវានុវត្តន៍ខ្ពស់។ ទី៣-ធនធានមនុស្សបម្រើការក្នុងវិស័យទេសចរណ៍ ហាក់នៅមានកម្រិត និងត្រូវការពង្រឹងបន្ថែម ខណៈដែលចំនួនភ្ញៀវទេសចរ ត្រូវបានព្យាករថាមានកំណើនកាន់តែច្រើននាពេលអនាគត។ និងទី៤-គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ចាំបាច់ត្រូវមានការពង្រឹងបន្ថែម ឆ្លើយតបតាមស្តង់ដាជាតិ និងអាស៊ាន។

៤. ស្ថានភាពវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏កំពុងប្រឈមបញ្ហាគន្លឹះមួយចំនួន រួមមាន៖ ទី១-ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស និងអភិវឌ្ឍន៍ក្នុងខេត្ត នៅមានភាពប្រទាញប្រទង់ និងទាមទារឱ្យមានការកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់. ទី២-ការទន្រ្ទានដីព្រៃក្នុងតំបន់អភិរក្ស នៅតែកើតមានជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការចាត់វិធានការច្បាប់ ដោយភាពម៉ឺងម៉ាត់។ ទី៣-បម្រែបម្រួលអាកាសធាតុ បានកំពុងជះឥទ្ធិពលទៅលើបរិស្ថានធនធានធម្មជាតិក្នុងខេត្ត ដែលធ្វើឱ្យប៉ះពាល់ការដាំដុះ និងវិស័យមួយចំនួន។ និងទី៤-ការហូរចូលវប្បធម៌ពីខាងក្រៅ ដែលបានកំពុងជះឥទ្ធិពលដល់ការអភិរក្សប្រពៃណីវប្បធម៌ របស់សហគមន៍ជនជាតិដើមភាគតិច។

៥. ចក្ខុវិស័យក្នុងផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ស្របពេលដែលចំនួនភ្ញៀវក្នុងស្រុក នឹងកើនឡើងដល់ជាង ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ព្រមជាមួយការរក្សាតុល្យភាពឱ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ វប្បធម៌ជនជាតិដើមភាគតិច ដើម្បីធានាបាននូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

៦. ដើម្បីសម្រេចចក្ខុវិស័យនៃផែនការមេនេះ រាជរដ្ឋាភិបាលកំណត់នូវគោលដៅគន្លឹះចំនួន ៤ គឺ៖ ទី១-លើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ឱ្យក្លាយជាវិស័យអាទិភាពមួយ រួមចំណែកបង្កើនប្រាក់ចំណូល ឱកាសការងារ និងកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន, ទី២- ជំរុញឱ្យវិស័យទេសចរណ៍ ក្លាយជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្ត និងការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ ឈរលើគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ, ទី៣- ផ្សព្វផ្សាយកិត្យានុភាពរបស់ខេត្ត ជាគោលដៅអេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌លំដាប់អន្តរជាតិ ទាំងក្នុងប្រទេស តំបន់ និងពិភពលោក, និងទី៤-ជំរុញការចូលរួម និងសហការពីគ្រប់ភាគីពាក់ព័ន្ធ (4Ps) ទាំងផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន ព្រមជាមួយភ្ញៀវទេសចរ ដើម្បីធានានិរន្តរភាពនៃវិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រនៅខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៧. ដើម្បីសម្រេចចក្ខុវិស័យ និងគោលដៅដែលបានលើកឡើងខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវទិសដៅយុទ្ធសាស្រ្តអាទិភាពចំនួន ៦ គឺ៖ ទី១- កំណត់តំបន់ទេសចរណ៍អាទិភាពសម្រាប់ការអភិវឌ្ឍ, ទី២- អភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍, ទី៣- ពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្សគាំទ្រ, ទី៤- ផ្សព្វផ្សាយនិងពង្រឹងរូបភាពវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី, ទី៥- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យគាំទ្រ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍, និងទី៦-សម្រួលការធ្វើដំណើរ ការតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែលយុទ្ធសាស្ត្រទាំងអស់នេះ នឹងរួមចំណែកបង្កើតបានជានិម្មាបនកម្មសេដ្ឋកិច្ច ជាក់លាក់មួយសម្រាប់ការអភិវឌ្ឍខេត្តមណ្ឌលគិរី។

៨. ក្រៅពីកិច្ចខិតខំប្រឹងប្រែង ដូចបានគិតគូរខាងលើ ប្រសិទ្ធភាពនៃការអនុវត្តផែនការមេនេះ ក៏អាស្រ័យផងដែរលើការប្រែប្រួល នៃសភាពការណ៍សាកលលោក និងតំបន់ដែលអាចបង្កជាហានិភ័យ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយ រួមមាន៖ ទី១- ហានិភ័យពាក់ព័ន្ធនឹងភាពងាយរងគ្រោះនៃវិស័យទេសចរណ៍, ទី២- ហានិភ័យពាក់ព័ន្ធនឹងការកើតឡើងនៃវិបត្តិសាកលដែលមិនអាចគ្រោងទុកបាន និងទី៣- ហានិភ័យពាក់ព័ន្ធនឹងកត្តាបម្រែបម្រួលធម្មជាតិ ដើម្បីត្រៀមដាក់ចេញសេណារីយ៉ូកែតម្រូវ ក្នុងដំណើរការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេ។

៩. ជាយន្តការអនុវត្ត គណៈកម្មការអន្តរក្រសួងមួយ ត្រូវបានស្នើឱ្យបង្កើតឡើង ដើម្បីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានតួនាទីបុរេសកម្ម និងស៊ីជម្រៅក្នុងការគ្រប់គ្រង និងសម្រួលកិច្ចដំណើរការនៃការអនុវត្តផែនការមេនេះ។

១០. ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត រាជរដ្ឋាភិបាលដាក់ចេញនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដែលនឹងត្រូវធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ដោយគណៈកម្មការអន្តរក្រសួងដែលត្រូវបានស្នើឱ្យបង្កើតឡើង គឺលើកទី១ នៅឆ្នាំ២០២៥ និងលើកទី២ នៅឆ្នាំ២០៣០ ដោយផ្តោតលើចំណុចសំខាន់ៗ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសក្នុងការអនុវត្តបន្ត។ ដោយឡែកលើកទី៣ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នឹងធ្វើឡើងនៅឆ្នាំ២០៣៥ ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តជារួម និងដាក់ចេញនូវផែនការសម្រាប់រយៈពេលបន្ទាប់៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;