ខេត្ត ៤ ក្លាយជាគោលដៅនៃ ចលនាទេសចរណ៍ ក្រោម MoU រវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ

  • 2021-08-30 01:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ លើគម្រោង «ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ក្នុងបរិបទវិបត្តិកូវីដ-១៩» ដើម្បីជួយឱ្យប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នីមួយៗចេះបង្កើតអាជីវកម្មថ្មីៗដោយខ្លួនឯង និងពង្រីកអាជីវកម្មរបស់ខ្លួន ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងរវាងលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ជាមួយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពជាសាក្សីរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

លោក ថោង រដ្ឋសក្តិ បានលើកឡើងថា កិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការងារដ៏មានសារសំខាន់ណាស់ ក្នុងការសហការគ្នាជំរុញឱ្យមានចលនាទេសចរណ៍ផ្ទៃក្នុង មុនការបើកទទួលភ្ញៀវទេសចរអន្តរជាតិពីក្រៅប្រទេស នាពេលខាងមុខ ខណៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ ពិសេសគឺការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

លោកអគ្គនាយកបានបញ្ជាក់ថា នៅជំហានដំបូងនេះ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរបានឯកភាពគ្នាជ្រើសរើសសហគមន៍ទេសចរណ៍ចំនួន ៥ សហគមន៍ ដើម្បីជួយអភិវឌ្ឍ ជួយបណ្ដុះបណ្ដាលទៅតាមស្ដង់ដា និងធនធានហិរញ្ញវត្ថុ ដោយសហគមន៍ទាំងប្រាំនោះស្ថិតនៅខេត្តចំនួន ៤ ក្នុងនោះរួមមាន៖

  • ខេត្តសៀមរាប៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចង្រ្កានរយ ក្នុងស្រុកវ៉ារិន។
  • ខេត្តបាត់ដំបង៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងស្រុកសំឡូត។
  • ខេត្តពោធិ៍សាត់៖ សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងស្រុកក្រវាញ។
  • ខេត្តកំពង់ឆ្នាំង៖ សហគមន៍ទេសចរណ៍ស្រែអំពិល ក្នុងស្រុកទឹកផុស។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់អំពីមូលហេតុដែលក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរសម្រេចជ្រើសរើសសហគមន៍៍ទេសចរណ៍ទាំង ៥ ដើម្បីជួយអភិវឌ្ឍនេះ គឺដោយសារសហគមន៍ទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ពិសេសៗប្លែកៗពីគ្នា ខណៈប្រជាសហគមន៍មានការខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសហគមន៍របស់ខ្លួន ក៏ប៉ុន្តែកន្លងមកសហគមន៍ទាំងនោះមិនទាន់មានការជួយជ្រោមជ្រែងឱ្យបានខ្លាំងក្លាពីក្រសួង-ស្ថាប័នផ្សេងនៅឡើយ។ ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ទាំងប្រាំនេះ ក៏ស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវទេសចរក្នុងបរិបទវិបត្តិកូវីដ១៩ផងដែរ។

ចំណែកឯខាងសហគ្រិនខ្មែរក៏មានជាធនធានហិរញ្ញវត្ថុសម្រាប់ជួយដោយផ្ទាល់ទៅដល់សហគមន៍ និងមានជាការបណ្ដុះបណ្ដាលបច្ចេកទេសបង្កើតអាជីវកម្ម ពង្រីកអាជីវកម្ម និងមុខរបរនានាដល់ប្រជាសហគមន៍ទៀតផង ពិសេសគឺសហគ្រិនខ្មែរមានដៃគូអភិវឌ្ឍន៍ផ្សេងទៀតជាច្រើនសម្រាប់ជួយសហការ។

នាយកប្រតិបត្តិនៃសហគ្រិនខ្មែររូបនេះបានគូសបញ្ជាក់ថា នៅតាមសហគមន៍ទេសចរណ៍នីមួយៗ ពិសេសគឺសហគមន៍ទេសចរណ៍ទាំង ៥ ខាងលើ ក្រៅពីការចូលរួមបម្រើសេវាកម្មទេសចរណ៍ប្រចាំថ្ងៃ សហគ្រិនខ្មែរចង់ឱ្យប្រជាសហគមន៍ទាំងនោះចេះបង្កើតមុខរបរអាជីវកម្មថ្មីៗសម្រាប់គ្រួសាររបស់ពួកគាត់ និងពង្រីកអាជីវកម្មដែលពួកគេមានស្រាប់ឱ្យរីកចម្រើនជាងមុខ ដោយហេតុថានៅតាមសហគមន៍ទេសចរណ៍ទាំងនោះ នឹងមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ហើយប្រជាសហគមន៍នឹងមានឱកាសអាចលក់ដូររបស់របរ ទំនិញ ឬសេវាកម្មនានារបស់ខ្លួនទៅឱ្យភ្ញៀវទេសចរ។

បើតាមការបញ្ជាក់បន្ថែមរបស់លោក វណ្ណមុនិណ្ឌ សហគ្រិនខ្មែរពិតជាចង់ជួយឱ្យសហគមន៍ទាំង ៥ នោះ ក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា ដើម្បីឱ្យសហគមន៍ទេសចរណ៍ដទៃទៀតយកគំរូតាម ធ្វើយ៉ាងណាឱ្យសហគមន៍របស់ពួកគាត់បន្តរីកចម្រើនតទៅមុខទៀត។

នាយកសហគ្រិនខ្មែរបានបន្ថែមទៀតថា សហគមន៍មានឱកាសអាចទាក់ទាញធុរជន ឬវិនិយោគិនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីបន្តអភិវឌ្ឍសហគមន៍របស់ខ្លួនផង ហើយវិនិយោគិនក៏គេរីករាយក្នុងការចូលទៅវិនិយោគនៅសហគមន៍ទាំងនោះផងដែរ។ លោកថា ប្រសិនបើវិស័យធនាគារចង់វិនិយោគអភិវឌ្ឍន៍នៅតាមសហគមន៍ទេសចរណ៍ទៀត ក៏រឹតតែល្អប្រសើរណាស់។ ទាំងនេះហើយគឺជាឱកាស និងការលើកទឹកចិត្តសម្រាប់សហគមន៍ទេសចរណ៍នីមួយៗ។

លោក ឈៀង វណ្ណមុនិណ្ឌ បានឱ្យដឹងដែរថា ធនធានហិរញ្ញវត្ថុដែលសហគ្រិនខ្មែរមានសម្រាប់ប្រើប្រាស់នោះ គឺជាកម្ចីឥណទាន ១០០% ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការគិតគូរពីសំណាក់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

លើសពីនេះទៅទៀត លោកអគ្គនាយក ថោង រដ្ឋសក្តិ បានបង្ហើបឱ្យដឹងថា នៅពេលសហគមន៍ទាំងនោះមានការអភិវឌ្ឍបានល្អហើយ គេនឹងអាចពង្រីកវិសាលភាពទទួលភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលទៅក្នុងសហគមន៍ទាំងនោះបានទៀត ប៉ុន្តែត្រូវធ្វើឱ្យស្របស្ដង់ដាទាំងឡាយ ពិសេសគឺវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាលជាដើម។

លោកបានបន្តទៀតថា តាមរយៈការសាកល្បងជំហានដំបូងនេះ ក្រសួងទេសចរណ៍ក៏ចង់ឱ្យសហគមន៍ទាំង ៥ នោះ ក៏ដូចជាសហគមន៍ដទៃទៀតនៅកម្ពុជា ទទួលបានពានរង្វាន់សហគមន៍គំរូពីអាស៊ាន ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ ខាងមុខផងដែរ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៉ី៕

អត្ថបទថ្មី
;