សៀវភៅប្រវត្តិ និងគំនូរស្នាដៃអតីតអ្នកទោស ស.២១ វ៉ាន់ ណាត នឹងដាក់សម្ពោធនៅដើមសប្តាហ៍ក្រោយ
- 2022-03-11 08:12:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវភៅប្រវត្តិ និងគំនូរស្នាដៃអតីតអ្នកទោស ស.២១ វ៉ាន់ ណាត នឹងដាក់សម្ពោធនៅដើមសប្តាហ៍ក្រោយ
ចន្លោះមិនឃើញ
សៀវភៅប្រវត្តិ និងស្នាដៃអតីតអ្នកទោស ស.២១ លោក វ៉ាន់ ណាត មានចំណងជើងថា «វ៉ាន់ ណាត» នឹងដាក់សម្ពោធជាសាធារណៈល្ងាច ថ្ងៃចន្ទ ទី១៤ ខែមីនា ដើមសប្តាហ៍ក្រោយនេះ។ នេះបើតាមផេកហ្វេសបុករបស់វិចិត្រសាលសិល្បៈត្រជាក់ភ្នែក Silapak Trotchaek Pneik កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
ផេកហ្វេសបុក វិចិត្រសាលសិល្បៈត្រជាក់ភ្នែក បានបញ្ជាក់ថា កម្មវិធីសម្ពោធសាធារណៈសៀវភៅ «វ៉ាន់ ណាត» ដែលរៀបចំដោយ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង Le Cercle Des Amis De Vann Nath នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៤ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ៦ ដល់ ៨ល្ងាច នៅ វិចិត្រសាលសិល្បៈត្រជាក់ភ្នែក(ផ្ទះ យូ ឃីន) ផ្ទះលេខ១៣អេ ផ្លូវលេខ ៨៣០ ភ្នំពេញ។
ខាងក្រោមនេះជាប្រវត្តិរបស់វិចិត្រករ វ៉ាន់ ណាត៖
លោក វ៉ាន់ ណាត កើតនៅឆ្នាំ ១៩៤៦ នៅខេត្តបាត់ដំបង។ លោកជាវិចិត្រករល្បីឈ្មោះ និងជាជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះដទៃទៀតដែលបានរួចជីវិតពី គុកស.២១ ទួលស្លែង។ លោកចូលចិត្តការគូររូបតាំងពីអាយុជាង១០ឆ្នាំមកម្លេះ។ លោកត្រូវបានពួកខ្មែរក្រហមចោទប្រកាន់ជាជនក្បត់ ហើយត្រូវបានឃុំខ្លួនក្នុងវត្តមួយនៅក្នុងខេត្តកណ្តាល មុនត្រូវបានបញ្ជូនទៅមន្ទីរ ស.២១។ មួយខែក្រោយមក គាត់ត្រូវបានបញ្ជូនទៅរោងជាងមួយធ្វើជាជាងគំនូរ ជាកន្លែងដែល ឌុច ឲ្យគាត់រៀបចំគំនូរ ប៉ុល ពត។ គាត់រួចផុតជីវិតរហូតដល់កងទ័ពវៀតណាមកាន់កាប់ទីក្រុងភ្នំពេញ។
ស្នាដៃ និងពានរង្វាន់របស់វិចិត្រករ វ៉ាន់ ណាត ផ្នែកគំនូរស្នាដៃគំនូររបស់លោកភាគច្រើនគឺទាក់ទងនឹងរបស់ខ្មែរក្រហមក្នុងនោះមាន ស្នាដៃ «កម្រងរូបគំនូរចំនួន ១២» «គារវភក្ដីចំពោះ» និងសៀវភៅ «១ឆ្នាំក្នុងមន្ទីរ ស.២១ ទួលស្លែង»។ លោកបានចូលរួម ជាមួយលោក ប៉ាន់ រិទ្ធិ ផលិតកុនឯកសារមានចំណងជើងថា «ស.២១ ម៉ាស៊ីនសម្លាប់មនុស្សរបស់ខ្មែរក្រហម» ។ លោកបានពានរង្វាន់« The prestigious Hellman/Hammett Award for Persecuted Writers» ឆ្នាំ២០០៣ និងឆ្នាំ២០០៦។ ឆ្នាំ២០០៧ ទទួលបានពានរង្វាន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ ខែឧសភា ឆ្នាំ២០១១ លោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស Honoris Causa ពីសកលវិទ្យាល័បារីស៨ រួមជាមួយលោក បា៉ន់ រិទ្ធិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោក វ៉ាន់ ណាត ទទួលមរណភាពនៅថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ ២០១១ នៅគ្លីនិកឯកជនមួយនៅរាជធានីភ្នំពេញ ដោយសារជំងឺគាំងបេះដូងក្នុងជន្មាយុ៦៦ឆ្នាំ៕