លោកប៉ា សុជាតិវង្ស ពន្យល់ពីស្ពានអាកាសថ្មើរជើង ឆ្លងផ្លូវជាតិលេខ៤
- 2017-05-05 07:15:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកប៉ា សុជាតិវង្ស ពន្យល់ពីស្ពានអាកាសថ្មើរជើង ឆ្លងផ្លូវជាតិលេខ៤
ចន្លោះមិនឃើញ
ស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចវិទ្យាល័យជម្ពូវ័ននៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី៥ ខែឧសភានេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ស្ពានថ្មើរជើងលើកដំបូងនៅកម្ពុជានេះ បានទទួលរងការរិះគន់ពីមហាជនមួយចំនួន ដោយសារតែស្ពាននេះ ធ្វើខ្លីជាងផ្លូវ ហើយបានបង្កឲ្យកុមារាម្នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលដើរទៅឆ្លងស្ពាននោះ។
លោក ប៉ា សុជាតិវង្ស បានលើកឡើងថា រូបភាពដែលបានបង្ហោះលើ Facebook កន្លងមក មានរូបភាពខ្លះ ជាការកាត់ត ហើយរិះគន់ខុសការពិត។ លោកពន្យល់ថា ផ្លូវជាតិលេខ៤ មានទទឹងត្រឹមតែស្ពានថ្មើរជើងប៉ុណ្ណោះ (ប្រវែង ២២ម៉ែត្រ) រីឯផ្លូវសងខាងស្ពាន លោកអាណិតអ្នកស្រុក ក៏ដាក់កម្រាលបេតុងថែមទៀត ដើម្បីងាយស្រួលចេញចូលផ្ទះ ងាយស្រួលដើរ ហើយងាយស្រួលចតរថយន្ត។
អភិបាលរាជធានីភ្នំពេញ បន្ថែមថា៖ “បងប្អូនគិតមើល! បើធ្វើតែកណ្តាលៗ កុំចាក់បេតុងសងខាង យើងចង់ចតឡានក៏ពិបាក យើងចង់មានសួនផ្កា សួនស្មៅខ្លះក៏មិនកើត ចូលទៅផ្ទះបងប្អូន ក៏លំបាក។ ពីមុនមក ផ្លូវដីទេ អត់មានសណ្ដាប់ធ្នាប់ត្រឹមត្រូវទេ អត់មានការ៉ូឡាទេ។ អ៊ីចឹងយើងធ្វើសណ្តាប់ធ្នាប់ជូនគាត់..."។
លោកសង្កត់ធ្ងន់ទៀតថា៖ “ម្យ៉ាងទៀត បើយើងអូសស្ពាននេះឲ្យវែងថែមទៀត តើប៉ះទៅដល់មុខផ្ទះរបស់គាត់នៅខាងណោះ គាត់ព្រមឲ្យធ្វើទេ?... យើងបានសម្របសម្រួលរួចហើយ អ្នកផ្ទះនៅខាងណោះ គាត់មិនព្រម ពីព្រោះផ្ទះគាត់លក់ទំនិញ ដាក់ជណ្តើរនៅខាងមុខផ្ទះ តើគាត់បានអីលក់? ឥឡូវផ្ទះគេ ប៉ុន្តែបើផ្ទះគាត់វិញ តើគាត់ឲ្យដាក់ទេ។ អ៊ីចឹង បានជា គ្រូថា ចេះតែថាទៅ។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នពេលឆ្លងស្ពានថ្មើរជើង ព្រោះផ្លូវបេតុងសងខាងផ្លូវនេះ ក៏មានឡានម៉ូតូ បើកចូលចំណត ចូលផ្ទះផងដែរ៕