Vin Diesel នៅ​តែ​មិន​អាច​បំភ្លេច Paul Walker បាន ស្រប​ពេល​ឈ្នះ​ពាន​នៅ MTV

  • 2017-05-08 04:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត និង​ទូរទស្សន៍​របស់ MTV តួ​អង្គ​សម្ដែង​ក្នុង​រឿង​ប្រណាំង​រថយន្ត "Fast & Furious" បាន​ទទួល​ពាន "Generation Award"។ តារា​ដែល​បាន​ឡើង​ទទួល​ពាន​រង្វាន់​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មាន​ដូចជា Vin Diesel, Michelle Rodriguez, Tyrese Gibson និង Jordana Brewster។

អំឡុង​ពេល​កំពុង​ទទួល​ពាន Vin បាន​ថ្លែង​ថា កាល​ពី​ឆ្នាំ​២០០២ លោក​បាន​ឈរ​នៅ​លើ​ឆាក MTV ជាមួយ​មិត្ត​សំឡាញ់ និង​ជា​អតីត​តួឯក​រឿង "Fast & Furious" លោក Paul Walker ហើយ​​អ្នក​ទាំង​ពីរ​ទទួល​បាន​ពាន "Best Duo"។ ១៥​ឆ្នាំ​ក្រោយ លោក​បាន​ឈរ​នៅ​ទីនេះ​ម្ដង​ទៀត​ជាមួយ​ក្រុម​គ្រួសារ "Fast & Furious" ទាំង​មូល ហើយ​ទទួល​បាន​ពាន "Generation Award" ប៉ុន្តែ​លោក​នៅ​មិន​អាច​បំភ្លេច Paul Walker បាន​ទេ។ "ខ្ញុំ​មិន​អាច​ឈរ​នៅ​ឆាក​នេះ (MTV) ដោយ​មិន​អាច​រំលឹក​ពី​បង​ប្អូន​ល្អ​របស់​ខ្ញុំ Paul Walker បាន​ទេ។ ពួក​យើង​សង្ឃឹម​ថា ឯង (Paul Walker) នឹង​មាន​មោទនភាព"។ នេះ​ជា​ការ​លើក​ឡើង​របស់​តារា​សម្ដែង​វ័យ​៤៩ឆ្នាំ។

គួរ​រំលឹក​ថា តារា​សម្ដែង​ល្បី​ឈ្មោះ Paul Walker បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឯ​ទីក្រុង Valencia រដ្ឋ California សហ​រដ្ឋ​អាមេរិក៕

ប្រភព៖ MTV ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;