សហ​ប្រធាន​នៃវេទិកា​សេដ្ឋកិច្ច​អាស៊ាន ៦​ប្រទេស ជំរុញ​ឱ្យ​អនុវត្ត​តាម​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល

  • 2017-05-11 07:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហប្រធាន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ចំនួន៦​ប្រទេស មកពី​វិស័យ​ឯកជន​ផ្នែក​ធុរកិច្ច បាន​ជំរុញ​ឱ្យ​អាស៊ាន​អនុវត្តន៍​តាម​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទំនើប (Digital Economic) ដើម្បី​សម្រួល​ពាណិជ្ជកម្ម និងការ​វិនិយោគ​នៅក្នុង​តំបន់។ អ្នកជំនាញ​សេដ្ឋកិច្ច​ទាំង៦ មកពី ម៉ាឡេស៊ី ស្វ៊ីស ចិន ហុងកុង សិង្ហបុរី និង​ថៃ។ នេះបើ​យោងតាម​ការ​ចេញផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ AKP នៅថ្ងៃ​ទី១១ឧសភា​នេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT របស់​ថៃ លោក ថេវិន វង្សវណ្ណនិក បានថ្លែង​ថា ការធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​បែបទំនើប​នេះ គឺជា​ការ​តភ្ជាប់​ការ​វិនិយោគ​រវាង​ប្រទេស​មួយ ទៅ​ប្រទេស​មួយទៀត ដើម្បី​សម្រួល​របាំង​ពាណិជ្ជកម្ម និងការ​រាំងស្ទះ​ផ្សេងៗ។

ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​តំបន់អាស៊ី (AIIB) នៃ​ប្រទេស​ចិន លោក Jin Liqun អះអាង​ថា ដើម្បី​អនុវត្ត​ប្រព័ន្ធ​នេះ ទាមទារ​ឱ្យមាន​ធនធាន​មនុស្ស ជំនាញ បច្ចេកវិទ្យា និង​ថវិកា និងការ​វិនិយោគ​លើការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់​រវាង​តំបន់​អាស៊ាន ទៅកាន់​ពិភពលោក។

លោកស្រី Tan Hool Ling សហ​ស្ថាបនិក​ក្រុមហ៊ុន GRAP របស់​សិង្ហបុរី លើកឡើង​ថា ផែនការ​នេះ​ទាមទារ​នូវ​ពេលវេលា និង​កិច្ច​សហ​ប្រតិបត្តិការ​ពី​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​អនុវត្តឱ្យមាន​ប្រសិទ្ធិភាព។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ឆ្នាំ​២០១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី១០ ដល់ ១២​ឧសភា មានអ្នក​ចូលរួម​ជិត ១ពាន់​នាក់ ក្នុងនោះ​ក៏មាន​មេដឹកនាំ​អាស៊ាន​៣ប្រទេស (ហ្វីលីពីន វៀតណាម ឡាវ) និង​ថ្នាក់​ដឹកនាំ ថ្នាក់​រដ្ឋមន្រ្តី​មកពី​អាស៊ាន និង​ពិភពលោក​ចំនួន ១៨​ផ្សេង​ទៀត ព្រមទាំង​វិស័យ​ឯកជន ដើម្បី​ចូលរួម​ជជែក​ពិភាក្សា​ប្រធានបទ «យុវជន បច្ចេកវិទ្យា និង​កំណើន»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;