សហ​ប្រធាន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ ព្រំដែន​មិនមែន​ជា​របាំង​នៃការ​អភិវឌ្ឍ​អាស៊ាន​ទៀតទេ

  • 2017-05-12 13:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ដែល​ធ្វើឡើង​នៅ​កម្ពុជា ត្រូវបាន​បិទ​បញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃទី១២​ឧសភា ក្រោម​ប្រធាន​បទ «យុវជន បច្ចេកវិទ្យា និង​កំណើន។ សហ​ប្រធាន​នៃ​វេទិកា ទាំង៦ បាន​ចូលរួម​ចែក​រំលែក​នៃ​កិច្ច​ប្រជុំ និងការ​តាំងចិត្ត​ធ្វើឱ្យ​តំបន់​មាន​កំណើន​ទាំង​ការងារ និង​សេដ្ឋកិច្ច នៅក្នុង​ឆ្នាំ​ខាងមុខ។

លោក John Rice អនុ​ប្រធាន​ក្រុមហ៊ុន General Electric និយាយ​ថា ព្រំដែន​មិនមែន​ជា​របាំង​នៃការ​អភិវឌ្ឍ​អាស៊ាន​ទៀតទេ។ លោក​ពន្យល់​ថា អាស៊ាន​អាចធ្វើ​ពាណិជ្ជកម្ម​បាន​តាមផ្លូវ​អាកាស ថាមពល និង​អេឡិចត្រូនិច​បាន។

លោក Wolfgang Jamann ប្រធាន​អង្គការ Care International លើកឡើង​ថា នាថ្ងៃ​អនាគត អាស៊ាន ត្រូវ​ជំរុញ​តួនាទី​យុវជន ជាពិសេស​អភិវឌ្ឍន៍​បច្ចេកវិទ្យា និង​គណនេយ្យភាព​សង្គម ដែល​តម្រូវឱ្យ​រដ្ឋាភិបាល​ទាំងអស់ ធ្វើការ​រួមគ្នា​ជាមួយ​សហគមន៍។

កញ្ញា Tan Hool Ling សហ​ស្ថាបនិក​ក្រុមហ៊ុន GRAP មកពី​សិង្ហបុរី ចង់ឃើញ​អាស៊ាន​មានការ​រីក​ចម្រើន និង​សំណូមពរ​ឱ្យ​មេដឹកនាំ​ប្រទេស​នីមួយៗ ត្រូវ​តម្រង់​ទិស​បែបណា ដល់​យុវជន​អាស៊ាន ដើម្បី​ឱ្យ​ពួកគេ​ស្វែងយល់​ពីភាព​ជោគជ័យ​របស់​មេដឹកនាំ​នីមួយៗ។

លោក Jamaludin Ibrahim នាយក​ក្រុមហ៊ុន Axiata និយាយ​ថា ចក្ខុ​វិស័យ​អាស៊ាន​ក្នុងពេល​សមាហរណកម្ម​នេះ ត្រូវមាន​ការ​តាំងចិត្ត​ខ្ពស់ ពី​មេដឹកនាំ​នីមួយៗ ដោយ​ធ្វើការ​រួមគ្នា​ចំពោះ​ការ​រីកចម្រើន​វិស័យ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា។

លោក Tevin Vonvanich នាយក​ក្រុមហ៊ុន PTT អះអាង​ថា លោកនឹង​បង្កើនការ​វិនិយោគ​ក្នុង​តំបន់ ដោយ​ពិនិត្យ​មើល​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ដោយមាន​ភាព​សុខដុមរមនីយកម្ម​ជាមួយ​គ្នា ជា​ពិសេស​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ អគ្គិសនី ធនធាន​ធម្មជាតិ និង​ថាមពល​កកើត​ឡើងវិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;