U-20 World Cup៖ វៀតណាម​ មិនទាន់​អស់​ឱកាស​ទៅ​ជុំបន្ទាប់ ទោះ​ចាញ់​បារាំង​ទក់​សាច់

  • 2017-05-26 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U-20 វៀតណាម បាន​ចាញ់​ក្រុម U-20 បារាំង ៤-០ ក្នុង​ការ​ប្រកួត​ទី២ ពូល E យប់មិញ​នេះ។ លទ្ធផល​នេះ មាន​ន័យថា បារាំង បាន​ឡើង​ទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ជា​ស្វ័យប្រវត្តិ ទោះ​សល់​១ប្រកួត​ទៀត​ក៏ដោយ ក្រោយ​រកបាន ៦ពិន្ទុ​ពេញ ក្នុង២​ប្រកួត។ ចំណែក​ក្រុម U-20 វៀតណាម មាន ១ពិន្ទុ ក្នុង​២ប្រកួត ឈរ​លេខ៣ ក្នុង​ពូល។

រីឯលទ្ធផល​មួយគូ​ទៀត​ក្នុង​ពូល​នេះ​ដែរ គឺ U-20 នូវែលហ្សេឡង់ ឈ្នះ U-20 ហុងឌុយរ៉ាស់ ៣-១។ ៣ពិន្ទុបន្ថែម​នេះ ជួយ​ឲ្យ​នូវែលហ្សេឡង់ មាន ៤ពិន្ទុ ឈរ​លេខ២ ខណៈ​ហុងឌុយរ៉ាស់ នៅ​តែ ០ពិន្ទុ ឈរ​បាត​ពូល។

នៅ​ក្នុង​ពូល​នេះ នូវែលហ្សេឡង់ និង​វៀតណាម ត្រូវ​ចាំ​អ៊ុត​នៅ​ប្រកួត​ចុងក្រោយ ដែល​នូវែលហ្សេឡង់ ត្រូវ​ជួប​បារាំង ឯ​វៀតណាម ជួប​ហុងឌុយរ៉ាស់។ នូវែលហ្សេឡង់ ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​បាន​លេខ២ក្នុង​ពូល ខណៈ​វៀតណាម ត្រូវ​ការ​ឈ្នះ​ហុងឌុយរ៉ាស់​ដាច់​ខាត។ ប្រសិន​បើ​វៀតណាម​ឈ្នះ នឹង​កើន​ដល់ ៤ពិន្ទុ ស្មើ​នូវែលហ្សេឡង់ ករណី​នូវែលហ្សេឡង់ ចាញ់​បារាំង។

ការ​ប្រកួត​លើក​ចុងក្រោយ​នៃ​ពូល E នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា វេលា​ម៉ោង ៣រសៀល​ដំណាល​គ្នា។

គួរ​បញ្ជាក់​ផងដែរថា ក្រុម​លេខ៣ ក៏​មិន​ប្រាកដ​ថា​ធ្លាក់​នោះដែរ ដោយ​សារ​រូបមន្ត​នៃ​ការ​ប្រកួត គឺ​ក្រុម​លេខ៣ ល្អ​បំផុត​ចំនួន ៤ ក្នុង​ចំណោម ៦ពូល នឹង​ឡើង​ទៅ​កាន់​វគ្គ ១៦ក្រុម​ចុងក្រោយ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;