វិបសាយ និង App ប្រលោមលោកដ៏ល្បីមួយ ប្រកាសទិញប្រលោមលោក
- 2017-06-13 07:16:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយ និង App ប្រលោមលោកដ៏ល្បីមួយ ប្រកាសទិញប្រលោមលោក
ចន្លោះមិនឃើញ
វិបសាយ និង App ប្រលោមលោក ដែលមានឈ្មោះថា “ប្រលោមលោក Sabay ឬ Sabay E-Novel” បានប្រកាសទិញប្រលោមលោក ពីសាធារណជនក្នុងតម្លៃសមរម្យ ចាប់ពីថ្ងៃនេះតទៅ។
លោកឃុត សុខឿន និពន្ធនាយកប្រលោមលោក Sabay បានបញ្ជាក់ថា ចំពោះស្នាដៃនិពន្ធណាដែលមានដំណើរដើមទងសាច់រឿងល្អ ថ្មី ប្លែក មានចំណោទបញ្ហា ការរៀបរាប់ពណ៌នាល្អ គួរជាទីទាក់ទាញ ក្រុមការងារប្រលោមលោក Sabay នឹងទទួលទិញក្នុងតម្លៃមួយដ៏សមរម្យ។
អ្នកអាចសរសេរប្រលោមលោក ជាប្រភេទមនោសញ្ចេតនា គុននិយម ព្រឺព្រួច ស៊ើបអង្កេត ប្រវត្តិ អាថ៌កំបាំង ឬរឿងព្រេងជាដើម ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម៖
សរសេរចាប់ពី១២ទំព័រឡើងទៅ (ប្រភេទក្រដាស A4 ពុម្ពអក្សរ Khmer OS ទំហំ១២ និងរឹមប្រកាសលើក្រោមឆ្វេងស្ដាំ ២.០០ស.ម ឬ ០.៧៩"។
ភ្ជាប់មកជាមួយក្នុងរឿងនូវចំណងជើងរឿង ឈ្មោះអ្នកនិពន្ធ ភេទ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល សង្ខេបរឿង និងគំនិតអប់រំក្នុងសាច់រឿង។
ជាស្នាដៃតែងនិពន្ធផ្ទាល់ខ្លួន មិនចម្លងគេ និងមិនទាន់ចេញផ្សាយនៅលើវិបសាយ ឬក្នុង App ណាមួយពីមុនមក។ ចំពោះសាច់រឿងដែលបានបោះពុម្ពហើយ តែមិនធ្លាប់ចេញផ្សាយលើ វិបសាយ ឬក្នុង App ណាមួយ អ្នកអាចផ្ញើជា Soft copy មកបាន។
ប្រលោមលោក Sabay រក្សាសិទ្ធិទិញយកតែសាច់រឿងណាដែលអាចទទួលយកបានប៉ុណ្ណោះ។
ចង់ដឹងព័ត៌មានលម្អិតបន្ថែម សូមទាក់ទងតាមទូរសព្ទ ០១៧ ៧៧៧ ០៥០។ សូមផ្ញើរឿងរបស់អ្នក តាមរយៈអ៊ីមែល sabay.enovel@sabay.com ឬតាមទំព័រហ្វេសប៊ុក ប្រលោមលោក Sabay។
ប្រលោមលោក Sabay គឺជាវិបសាយប្រលោមលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ដែលប្រមូលផ្ដុំដោយប្រលោមលោកជាង១០០រឿង និងមានអ្នកអានជាប្រចាំដល់ខ្ទង់ម៉ឺននាក់ជារៀងរាល់ថ្ងៃ។ នៅឆ្នាំ២០១៧ នេះ ប្រលោមលោក Sabay ក៏បានបង្កើតឲ្យមានជា App តាមទូរសព្ទដៃផងដែរ ដើម្បីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកអាន ទាំងលើ Android និង iOS៕