ស្ថាន​ទូត​អាមេរិក​ស្វាគមន៍​ការ​ដោះ​លែង​អ្នក​កាពារ​សិទ្ធិ​មនុស្ស

  • 2017-06-30 04:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថៃ្ង​សុក្រ​ទី ៣០ មិថុនា​នេះ ស្ថាន​ទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តីថ្លែង​ការណ៍​មួយ ​ដោយស្វាគមន៍​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៃ​មន្រ្តី​បច្ចុប្បន្ន​ និង​អតីត​មន្រ្តី​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដ​ហុក។ ស្ថាន​ទូត​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​តាម​ផ្លូវ​ច្បាប់​នេះ​នឹង​កាត់​បន្ថយ​បន្ទុក​ដែល​មាន​ទៅ​លើ​ចុង​ចោទ និង​គ្រួសារ​របស់​គេ​ក្នុង​ពេល​ដែល​គេ​ប្រឈម​នឹង​ដំណោះ​ស្រាយ​ចំពោះ​បណ្តឹង​ចោទ​ប្រកាន់​ចំពោះ​រូប​ពួក​គេ។

ជុំ​វិញ​ការ​ដោះ​លែង​នេះ វិទ្យុ​អាស៊ី​សេរី កាល​ពី​ម្សិល​មិញ បាន​ឱ្យ​ដឹង​ថា ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ  (William Heidt) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ អ្នក​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដែល​មាន​សារសំខាន់​សម្រាប់​ទំនាក់ទំនង​កម្ពុជា-​អាមេរិក។ នៅ​ក្នុង​ជំនួប​នេះ ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​សន្និដ្ឋាន​ថា ឯក​អគ្គ​រដ្ឋទូត​អាមេរិក អាច​នឹង​ជជែក​ពី​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក និង​លោក នី ចរិយា អគ្គ​លេខា​ធិការ​រង គ.ជ.ប ​ដែរ។

​សូម​បញ្ជាក់​ដែរ​ថា មន្ដ្រី​អាដហុក​ចំនួន​៤​រូប​ដែល​ត្រូវ​ដោះ​លែង គឺ​លោក​នី សុខា លោក​យី សុខ​សាន្ត លោក​ណៃ រ៉ង់​ដា និង អ្នកស្រី​លឹម មុន្នី ។ អ្នក​ទាំង​៤ ត្រូវបាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយ​ឡែក លោក​នី ចរិយា អគ្គ​លេខា​ធិការ​រង​គ​.​ជ​.​ប ដែល​ត្រូវ​ដោះ​លែង​ដែរ​នោះ ត្រូវ​បាន​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។

​បទ​ចោទ​ទាំងអស់នេះ កើត​ឡើង​បន្ទាប់ពី​តុលាការ​រក​ឃើញ​ថា អ្នក​ទាំង​៥ មាន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​រវាង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មួយ​នាង​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕ 

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;